Close

ក្រុមហាម៉ាសតែងតាំងលោក Yahya Sinwar ជាមេដឹកនាំថ្មី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រុមហាម៉ាសតែងតាំងលោក Yahya Sinwar ជាមេដឹកនាំថ្មី ក្រុមហាម៉ាសតែងតាំងលោក Yahya Sinwar ជាមេដឹកនាំថ្មី

បរទេស៖ ក្រុមហាម៉ាស់បានតែងតាំងលោក Yahya Sinwar ជាប្រធានការិយាល័យនយោបាយថ្មីរបស់ខ្លួន បន្ទាប់ពីលោក Ismail Haniyeh ត្រូវបានគេសម្លាប់នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។
លោក Yahya Sinwar រងនូវការចោទពីប្រទេសអីស្រាអែលថាជាអ្នកនៅពីក្រោយនៃការវាយប្រហារ មកលើប្រទេសខ្លួនកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ Gaza។

ការប្រកាសតែងតាំង លោក Sinwar ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយដោយក្រុមហាម៉ាស់កាលពីថ្ងៃអង្គារហើយត្រូវបានចាក់ផ្សាយនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដែលជារដ្ឋគាំទ្រក្រុមហាម៉ាស់។
លោក Sinwar ជាមេដឹកនាំយោធារបស់ក្រុមហាម៉ាសត្រូវបានគេមើលឃើញថាជាមេក្លោងនៅពីក្រោយការវាយប្រហារថ្ងៃទី ៧ ខែតុលាប្រឆាំងនឹងអ៊ីស្រាអែល ។

លោក Sinwar ត្រូវបានគេជឿថាកំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដីជាបន្តបន្ទាប់នៅតំបន់ហ្គាហ្សា។ លោក គឺជាអ្នកធ្វើការសម្រេចចិត្តដ៏សំខាន់របស់ក្រុមនៅក្នុងតំបន់ហ្គាហ្សា ហើយត្រូវបានគេជឿថានឹងគ្រប់គ្រងលើចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលប្រមាណ ១២០ នាក់ ដែលនៅតែស្ថិតក្នុងការឃុំឃាំងដោយក្រុមហាម៉ាស។

លោក Sinwar ស្នងតំណែងលោក Ismail Haniyeh អតីតប្រធាននយោបាយក្រុមហាម៉ាស់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីសប្តាហ៍មុន ដែលក្រុមហាម៉ាស់ និងមន្ត្រីអ៊ីរ៉ង់បានស្តីបន្ទោសលើអ៊ីស្រាអែល។

ការធ្វើឃាតនេះបានកើតឡើងក្នុងអំឡុងពេលចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ ហើយបានធ្វើឱ្យមានការភ័យខ្លាចបន្ថែមទៀតចំពោះសង្គ្រាមក្នុងតំបន់នាឱ្យរីកធំជាងនេះ ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដែលគាំទ្រក្រុមហេសបូឡានៅលីបង់ និងក្រុមហាម៉ាស់នៅហ្គាហ្សា។

ប្រទេសអ៊ីរ៉ង់បានសន្យាថានឹងសងសឹកប្រទេសអ៊ីស្រាអែលចំពោះការវាយប្រហារលើដីរបស់ខ្លួន។ លោក Haniyeh គឺជាតួអង្គសំខាន់មួយនៅក្នុងកិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជុំវិញបទឈប់បាញ់ ហើយត្រូវបានគេមើលឃើញថាជាអន្តរការីរវាងអ៊ីស្រាអែល និងលោក Sinwar ។

លោក Haniyeh បានគ្រប់គ្រងផ្ទាល់តិចតួចលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយត្រូវបានគេមើលឃើញថាមានទំនាក់ទំនងមធ្យម ដោយដឹកនាំគណៈប្រតិភូរបស់ក្រុមហាម៉ាសចូលរួមនៅក្នុងកិច្ចពិភាក្សាដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក សំដៅលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងការដោះលែងអ្នកទោស។

លោក Sinwar គឺជាសមាជិកស្ថាបនិកនៃក្រុមហាម៉ាស ហើយត្រូវបានគេមើលឃើញថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតរបស់ក្រុមនេះ។ អតីតប្រធានសេវាស៊ើបការណ៍សម្ងាត់ លោក Sinwar បានចំណាយពេល ២៣ ឆ្នាំនៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ខណៈដែលលោក បានជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងបទចោទ ចំនួន ៤ គឺ បទប៉ុនប៉ងមនុស្សឃាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

អតីតអ្នកសួរចម្លើយម្នាក់បានហៅរូបលោក ថា « ជាបុរសមានការប្តេជ្ញាចិត្ត ១,០០០ % និង ហឹង្សា ១,000% និងជាមនុស្សពិបាកខ្លាំងណាស់» ៕

អត្ថបទទាក់ទង