ក្រសួងវប្បធម៌ ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

ភ្នំពេញ៖ នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ។
សិក្ខាសាលានេះ រៀបចំធ្វើក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង អង្គភាពចំណុះក្រសួង មេធាវី អ្នកនិពន្ធ និងអ្នកតំណាងមកពីបណ្តាផលិតកម្ម សមាគម ស្ថានីយទូរទស្សន៍ សាកលវិទ្យាល័យ និងវិស័យឯកជន។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងក្នុងគោលបំណងពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ជាមួយសិក្ខាកាមទាំងអស់ ជាពិសេសដើម្បីប្រមូលធាតុថ្មីចូលបន្ថែមទៀតឱ្យស្របទៅតាមតម្រូវការសង្គមបច្ចេកវិទ្យានិងសង្គតិភាពជាមួយអនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗទាក់ទងនឹងផ្នែកសិទ្ធិអ្នកនិពន្ធដែលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគី និងស្របតាមទិសដៅការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយផ្តោតលើបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មនិងធុរកិច្ចស្នាដៃសិទ្ធិអ្នកនិពន្ធ។
សូមបញ្ជាក់ជូនថា សិក្ខាសាលានេះប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃគឺថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៤ ហើយសង្ឃឹមថានឹងបានទទួលការគាំទ្រនិងផ្តល់ធាតុចូលជាគន្លឹះសំខាន់ពីសិក្ខាកាម ដើម្បីពិចារណាដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល៕