Close

សម្តេចធិបតីពន្យល់ពីការប្តូរប្រាក់ដុល្លាររហែក ឬចាស់បាននៅតែខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចធិបតីពន្យល់ពីការប្តូរប្រាក់ដុល្លាររហែក ឬចាស់បាននៅតែខេត្តសៀមរាប សម្តេចធិបតីពន្យល់ពីការប្តូរប្រាក់ដុល្លាររហែក ឬចាស់បាននៅតែខេត្តសៀមរាប

ភ្នំពេញ៖ ដោយសារការទទួលយកក្រដាសប្រាក់ដុល្លាររហែក ឬចាស់ ដើម្បីយកទៅប្តូរក្រដាសប្រាក់ថ្មី ពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះ ត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន ។ នេះ គឺជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះចម្ងល់ របស់សាធារណជន ចំពោះបញ្ហាលុយដុល្លារអាមេរិក រហែក ឬចាស់ ហេតុអ្វីទទួលបានតែនៅខេត្តសៀមរាប ដោយឡែកមិនបានទូទាំងប្រទេស។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្ត នូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។
ក្នុងនោះសម្តេចធិបតី បានលើកឡើងថា «មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិ មិនដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?»។

ឆ្លើយតបនឹងចម្ងល់នេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ដោយសារការទទួលយកក្រដាសប្រាក់ដុល្លារហែក ឬចាស់ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់អោយអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន»។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា «ហេតុដូច្នេះការដាក់ឱ្យអនុវត្តនៅខេត្តសៀមរាបនេះ ជាជំហានសាកល្បង (pilot) ដើម្បីធនាគារជាតិ អាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការ ឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះ នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ»។

នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃ១៨ ខែកក្កដា សម្ដេចធិបតី បានមានប្រសាសន៍ ពីការលំបាករបស់ពលរដ្ឋខ្មែរ ក្នុងការចាយវាយលុយដុល្លារ ក្នុងករណីមានការដាច់រហែក ឬក៏ចាស់ ។ ដោយសម្តេចហ៊ុន ម៉ាណែត បានណែនាំធនាគារជាតិទម្លាក់លក្ខខណ្ឌមួយចំនួន ចំពោះការចាយវាយក្រដាសប្រាក់ដុល្លារ ដែលមានភាពទក់ ឬមានស្នាមតិចតួច ដើម្បីផ្តល់ភាពងាយស្រួល ដល់ការចាយវាយរបស់ភ្ញៀវទេសចរបរទេស និងពលរដ្ឋជាដើម។

ក្រោយពីមានការណែនាំ ពីសម្តេចនាយករដ្ឋមន្ត្រី ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២១ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីកិច្ចប្រជុំពិភាក្សាលេីការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ដោយតម្រូវឱ្យធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន ៕

អត្ថបទទាក់ទង