ទីបំផុត! 𝗦𝗼𝗲 𝗠𝗼𝗲 𝗞𝘆𝗮𝘄 សម្រេចចូលរួមជាមួយ Tiffy Army FC
បន្ទាប់ពីចាកចេញពីក្លិបបាល់ទាត់ភ្នំពេញក្រោន កាលពីចុងរដូវកាលមុន ពេលនេះ ខ្សែការពារសញ្ជាតិមីយ៉ាន់ម៉ា កីឡាករ 𝗦𝗼𝗲 𝗠𝗼𝗲 𝗞𝘆𝗮𝘄 បានចូលរួមជាមួយក្លិបបាល់ទាត់ Tiffy Army FC(សមាគមបាល់ទាត់ ខ.ភ.ម) សមាជិកលីគកំពូលកម្ពុជា។
កាលពីម្សិលមិញនេះ ក្លិបបាល់ទាត់ Tiffy Army FC បានប្រកាសពីការមកដល់របស់អតីតកីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ 𝗦𝗼𝗲 𝗠𝗼𝗲 𝗞𝘆𝗮𝘄 តាមរយៈវីដេអូប្រមាណជា៣៦វិនាទី អបជាមួយចំណងជើងថា៖«សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការមកកាន់ក្រុមគ្រួសារ TIFFY ARMY FC នៅរដូវកាលឆ្នាំ២០២៤/២០២៥ នៃលីគកំពូលកម្ពុជា។ ពួកយើងនឹងរួមដំណើរជាមួយគ្នា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់យើង»។
𝗦𝗼𝗲 𝗠𝗼𝗲 𝗞𝘆𝗮𝘄 គឺជាខ្សែការពារដ៏ឆ្នើមម្នាក់របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងលីគកំពូលកម្ពុជា កាលពីរដូវកាលមុន ដោយសាររូបគេមានកំពស់ខ្ពស់ និងមានភាពវ័យឆ្លាតក្នុងការការពារមុខទី ដែលធ្វើឲ្យខ្សែប្រយុទ្ធគូប្រកួតពិបាកញ៉ាក់បាល់ដើម្បីបញ្ចប់ទី។
គួរបញ្ជាក់ថា ការចូលរួមរបស់កីឡាករវ័យ ២៥ឆ្នាំរូបនេះ ជាមួយសមាគមបាល់ទាត់ ខ.ភ.ម នាំឱ្យមានការងឿងឆ្លល់ពីមជ្ឈដ្ឋានបាល់ទាត់កម្ពុជា ខណៈរូបគេគឺជាកីឡាករអាស៊ាន ដែលបានរួមចំណែកច្រើនជាមួយ ភ្នំពេញក្រោន កាលពីរដូវកាលមុន។ 𝗦𝗼𝗲 𝗠𝗼𝗲 𝗞𝘆𝗮𝘄 ក៏ជាកីឡាករទី៣ ដែលសមាគមបាល់ទាត់ ខ.ភ.ម នាំចូលនារដូវកាលនេះ ហើយត្រូវបានចាត់ទុកថាជារដូវកាលដែលក្រុមមួយនេះ នាំចូលកីឡាករតិចបំផុតផងដែរ៕