លោក Putin៖ រុស្សីនឹងពង្រីកប្រតិបត្តិការយោធាធំជាងនេះនៅអ៊ុយក្រែន
បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះនៅក្នុងកិច្ចប្រជុំសភារបស់ប្រទេសរុស្ស៊ីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានថ្លែងថា ប្រសិនបើលោកខាងលិចនៅតែរក្សាចិត្តក្នុងការបន្តការផ្គត់ផ្គង់អាវុធប្រភេទប្រើប្រាស់ក្នុងចំងាយឆ្ងាយបន្ថែមទៀតឲ្យអ៊ុយក្រែននោះរុស្ស៊ីក៏នឹងធ្វើការបង្កើនប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែធំបន្ថែមទៀតនៅអ៊ុយក្រែនដែរ។
ប្រធានាធិបតីរូបនេះបានព្រមានថា បើលោកខាងលិចនៅតែបន្តផ្គត់ផ្គង់អាវុធជាពិសេសអាវុធប្រើប្រាស់សម្រាប់រយៈចំងាយឆ្ងាយនោះរដ្ឋាភិបាលក្រុងមូស្គូដាច់ខាតត្រូវតែប្រើប្រាស់ប្រតិបត្តិការបន្ថែមទៀតដើម្បីអាចការពារតំបន់តាមព្រំដែនរបស់ខ្លួនឲ្យគេចចេញពីការគំរាមកំហែងដូចគ្នាដែរ។
គិតមកដល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយដែលរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងប្រទេសអ៊ុយក្រែនដោយរុស្ស៊ីបានអះអាងថា អ៊ុយក្រែន និងលោកខាងលិចកំពុងបន្តការគំរាមកំហែងដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងតំបន់ Donbass ហើយចោទប្រកាន់ថារដ្ឋាភិបាលក្រុងគៀវមិនបានអនុវត្តសន្ធិសញ្ញាទីក្រុង Minsk កាលពីឆ្នាំ២០១៤ និង២០១៥ឲ្យបានត្រឹមត្រូវទៀតផង។
អស់រយៈពេលជាច្រើនខែកន្លងមកនេះលោកខាងលិចព្រមទាំងអាមេរិក និងសម្ព័ន្ធមិត្តផងបាននាំគ្នាធ្វើការផ្គត់ផ្គង់អាវុធជាច្រើនរួមមានទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតចំងាយឆ្ងាត HIMARS ផងនិង M777 Howitzerផងដែរ ហើយចុងក្រោយនេះមានទាំងរថក្រោះប្រយុទ្ធជួរមុខទំនើបៗ ក៏ដូចជាការពិចារណាក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងថែមទៀតផង៕