Close

យុវជន និងយុវតី ២០០ នាក់ ចូលរៀនវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
យុវជន និងយុវតី ២០០ នាក់ ចូលរៀនវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប យុវជន និងយុវតី ២០០ នាក់ ចូលរៀនវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប

សៀមរាប៖ សមាគមក្លិបទេសចរណ៍សៀមរាប (STC) កំពុងបើកវគ្គបណ្ដុះបណ្ដាលជំនាញ បដិសណ្ឋារកិច្ចវគ្គទី២ ដល់យុវជន និងយុវតី មកពីបណ្ដាស្រុកទាំង១៣ ក្នុងខេត្តសៀមរាប។ វគ្គខ្លីរយៈពេល៨ខែ នឹងជួយឲ្យសិក្ខាកាមទាំង ២០០នាក់ ទទួលបានទាំងជំនាញ និងការងារធ្វើក្នុងវិស័យសណ្ឋាគារ ស្របពេលដែលម្ចាស់អាជីវកម្មតូចធំកំពុងរង់ចាំ លើជំនាញ ( ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងគេហកិច្ច )ផ្នែកចុងភៅ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងលោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការយាងនិងអញ្ជើញចូលរួមពី ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សមាជិករដ្ឋសភាព និងឯកឧត្តម អស់លោក លោកស្រីតំណាងក្រសួងពាក់ព័ន្ធ និង សមាគមសណ្ឋាគារ ភោជនីយដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ។

លោក សែត កៅ ប្រធានសមាគម STC បានលើកឡើងថា វគ្គទី២ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច បានចាប់ផ្តើមពីថ្ងៃទី១ កក្កដាមក សម្រាប់ជួយយុវជនឲ្យទទួលបានជំនាញ ការងារក្នុងវិស័យសណ្ឋាគារ ។ ក្រៅពីអ្នកខេត្តសៀមរាប សមាគមក៏បានផ្តល់ឱកាសដល់យុវជនមួយចំនួនទៀត ដែលមកពីខេត្តដទៃ ចាប់អារម្មណ៍ និងចង់រៀនជំនាញនេះដែរ។

ជាមួយគ្នានេះ លោក លី សារី បានលើកថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ ជាផ្នែកដ៏សំខាន់ នៃសេដ្ឋកិច្ចបៃតង(មាសបៃតង)ហើយចំណូល នៃវិស័យនេះ ត្រូវបានចាត់បញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជម្រុញកំណើនផលិតផលក្នុងស្រុក។

លោកបន្តថា ការផ្ដួចផ្ដើមឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាបានជួយ ជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តឲ្យកាន់តែបានប្រសើរថែមទៀតស្របតាមយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្ការឡើងវិញ វិស័យទេសចរណ៍ (ទស្សនាសៀមរាប ឆ្នាំ២០២៤) និងបានចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទៅប្រទេសជិតខាង ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមក្លិបទេសចរណ៍សៀមរាប ដែលបានរៀបចំនូវវគ្គបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចនេះឡើង ជូនដល់យុវជនគ្រួសារក្រីក្រនៅតាមតំបន់ជនបទ នៅវគ្គទី១ទទួលបានជោគជ័យ ។

ឯកឧត្តមក៏បាន លើកផងដែរថា វិស័យទេសចរណ៍ គឺជាជន្ទុលកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលជាឧស្សាហកម្មគ្មានផ្សែង និងបានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម សំខាន់បានបង្កើនការងារជាច្រើន ដោយផ្ទាល់ និង ប្រយោលដល់ប្រជា ពលរដ្ឋកម្ពុជា ។

ឯកឧត្តម ប៉ាក់ សុខុម លើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និងបង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និង មានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងចូលរួមគាំទ្រក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា សំខាន់ផ្នែកបដិសណ្ឋារកិច្ច តាមរយៈការគាំទ្រផ្តល់ថវិកា ដល់វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច និងទេសចរណ៍ បានដំណើរទៅដោយរលូន ទាំងវិស័យឯកជន សមាគមន៍ឧស្សហកម្មទេសចរណ៍នានាទូទាំង ប្រទេស សំដៅរួមគ្នាស្តារឡើងវិញនូវសម្បទវិជ្ជាជីវះទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការបណ្តុះបណ្តាលមុខជំនាញ បដិសណ្ឋារកិច្ចដល់អ្នកជំនាញថ្មីៗ ដើមី្បបញ្ចូលទៅក្នុទីផ្សារវិស័យទេសចរណ៍ ដូចតួយ៉ាងនៃវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចដល់យុវជនទាំង ២០០នាក់ ដែលបានជ្រើសរើសមកពីបណ្តាក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប ក៏ដូចមកពីបណ្តា ខេត្តផ្សេងៗ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ។

ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់នូវ ដំបូន្មានល្អៗមួយចំនួន ដល់សិក្ខាកាមទាំងអស់ ឲ្យត្រូវខិតខំសិក្សារៀនសូត្រ និងត្រងត្រាបស្តាប់គ្រូឧទ្ទេស ពីព្រោះថា ជំនាញនេះហើយគឺជាយានសម្រាប់ក្មួយៗទាំងអស់គ្នា ក្នុងការកសាងអនាគត សេដ្ឋកិច្ចក្រុមគ្រួសារ និង ប្រទេសជាតិ ព្រម ទាំងត្រូវចេះថែរក្សាអនាម័យ សុខភាពរបស់ខ្លួន នៅក្នុងពេលកំពុងសិក្សាទៀតផង ៕

អត្ថបទទាក់ទង