Close

ប្រធានទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក ប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាត លោក Trump

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ប្រធានទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក ប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាត លោក Trump ប្រធានទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក ប្រកាសលាលែងពីតំណែង បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាត លោក Trump

បរទេស៖ លោកស្រី Kimberly Cheatle បានប្រកាសលាលែងពីតំណែងជានាយកទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (US Secret Service) បន្ទាប់ពីមានខ្មាន់កំាភ្លើងមួយរូបបានប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតី គឺ លោក Donald Trump មកពី គណបក្សសាធារណរដ្ឋ មិនបានសម្រេច ។

ខ្មាន់កាំភ្លើងបានបាញ់ទម្លុះត្រចៀករបស់លោក Trump ក្នុងអំឡុងពេលលោកជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដា ដោយក្នុងហេតុការណោះ បានសម្លាប់មនុស្សម្នាក់ក្នុងចំណោមអ្នកជួបជុំ និងពីរនាក់ផ្សេងទៀតរងរបួស ។

ខ្មាន់កំាភ្លើងត្រូវបានគេរាយការណ៍ថា បានបាញ់ប្រហារឆ្ពោះទៅកាន់លោក Trump ដែលកំពុងតែឈរថ្លែងសារទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅក្នុងពិធីជួបជុំនោះ ខណៈកងកម្លាំងទីភ្នាក់ងារសម្ងាត់ មិនបានប្រុងប្រយ័ត្ន និងមិនបានត្រៀមខ្លួនទុកមុន សម្រាប់ការឆ្លើយតបក្នុងហេតុការណ៍នោះ។

លោកស្រី Kimberly Cheatle បានប្រកាសលាលែងពីតំណែងនៅព្រឹកថ្ងៃអង្គារនេះមួយថ្ងៃ បន្ទាប់ពីសវនាការសួរដេញលោកស្រី នៅរដ្ឋសភា ក្រោយពេលដែលគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោកស្រីពីបទមិនផ្តល់ព័ត៌មាន និងបដិសេធមិនទទួលខុសត្រូវចំពោះការបរាជ័យរក្សាសន្តិសុខ និងសុវត្ថិភាពនៅឯការជួបជុំនោះ។

“បេសកកម្មរបស់ក្រុមកងកម្លាំងការពារសម្ងាត់ គឺដើម្បីការពារមេដឹកនាំរបស់ប្រទេសរបស់យើង។ នៅថ្ងៃទី១៣ ខែកក្កដា ពួកយើងបានបរាជ័យ” ។ នេះ បើតាមលោកស្រី Cheatle ។ លោកស្រី Cheatle បានប្រាប់រដ្ឋសភាកាលពីថ្ងៃចន្ទ ដោយពណ៌នាអំពីការបាញ់ប្រហារ នេះ ថាជា «នេះ ជាការបរាជ័យប្រតិបត្តិការដ៏សំខាន់បំផុតសម្រាប់កងម្លាំងការពារសម្ងាត់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍»។

លោកស្រី Kimberly Cheatle បានផ្ញើអ៊ីមែលជូនដំណឹងដល់បុគ្គលិកភ្នាក់ងារសម្ងាត់អំពីការចាកចេញរបស់លោកស្រី ។

ជុំវិញបញ្ហានេះ លោក ប្រធានាធិបតី Joe Biden បានបញ្ជាក់ពីការលាលែងពីតំណែងរបស់លោកស្រី Cheatle ដោយអរគុណលោកស្រីដែលបានការពារសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រទេសនាពេលកន្លងមក និងបានប្រកាសថាលោកនឹងតែងតាំងនាយកថ្មីក្នុងពេលឆាប់ៗនេះ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័រសេតវិមាន៕

អត្ថបទទាក់ទង