ចំណាប់អារម្មណ៍គ្រូព្រះខ័នរាជស្វាយរៀង មុនប៉ះ Young Elephants របស់ឡាវ ស្អែកនេះ
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពី ចំណាប់អារម្មណ៍មួយចំនួនក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ Young Elephants របស់ឡាវ នៅរសៀលនេះ ក្នុងការប្រកួតពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន ឬ ASEAN Club Championship-Shopee Cup 2024/2025 ជើងទី២ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Pep Munoz បានគូសបញ្ជាក់ថា៖«
ជាការពិតណាស់ សម្រាប់ការប្រកួតថ្ងៃស្អែកនេះ វាជាការប្រកួតមួយដ៏សំខាន់ សម្រាប់ក្រុមរបស់យើង ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។ ដោយសារការប្រកួតស្អែកនេះ ហ្នឹងអាចសម្រេចបានថាយើងនឹងបន្តឡើងទៅវគ្គបន្ទាប់។ ដូច្នេះពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ជាមួយលទ្ធផលដែលធ្វើឲ្យអ្នកគាំទ្ររបស់ពួកយើង ទទួលបានភាពរីករាយម្ដងទៀតសារជាថ្មី»។
គួររំលឹកថា សម្រាប់ការប្រកួតវគ្គ Play-Off ជើងទី១ នៃពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាននេះ ស្វាយរៀង បានយកឈ្នះ Young Elephants FC ក្នុងលទ្ធផល ៣-២ នៅពហុកីឡដ្ឋានជាតិឡាវ។
គួរឱ្យដឹងផងដែរថា បើព្រះខ័នរាជស្វាយរៀងឆ្លងផុតវគ្គ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕