លែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល
កោះកុង៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកោះកុង រួមជាមួយនឹង មន្ត្រី នៃអង្គការ WCS និងប្រជាពលរដ្ឋនៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៤ លែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដើម្បីចូលរួម និងអភិរក្សប្រភេទសត្វជិតផុតពូជ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះ អណ្តើកហ្លួងចំនួន ១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេងដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។
ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ណាស់ក្នុងការការពារនិងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។
អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួនសរុបនៃសត្វនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១០០ ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។
រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា៕