ពលរដ្ឋ និងភ្ញៀវទេសចរអាចចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ
សៀមរាប៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅខេត្តសៀមរាប អាចចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ តបតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ នេះ បើតាមធនាគារជាតិនៃកម្ពុជា។
ក្រោយពេលអនុញ្ញាតនេះ សម្តេចធិបតី អរគុណនិងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់សម្តេច ផ្ទាល់ ពេលដែលសម្តេច ចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
ជាមួយគ្នានោះសម្តេចស្នើ ឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត៕
សូមសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖