មិនគួរឲ្យជឿ! ក្រុម BG Pathum របស់ថៃ លត់ក្រុម Dortmund របស់អាល្លឺម៉ង់ ៤-០ ក្នុងប្រកួតមិត្តភាព
កាលពីយប់មិញនេះ ក្លឹបបាល់ទាត់ 𝗕𝗼𝗿𝘂𝘀𝘀𝗶𝗮 𝗗𝗼𝗿𝘁𝗺𝘂𝗻𝗱 ដែលជាជើងឯករង UCL រដូវកាលនេះ បានរងបរាជ័យយ៉ាងមិនគួរឲ្យជឿ ក្រោមថ្វីជើងសមាជិកលីគកំពូលថៃ 𝗕𝗚 𝗣𝗮𝘁𝗵𝘂𝗺 𝗨𝗻𝗶𝘁𝗲𝗱 ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតមិត្តភាពលើកដំបូងនៃការប្រកួតប្រចាំទ្វីបអាស៊ី។
ក្នុងការប្រកួតយប់មិញនេះ ក្រុមម្ចាស់ផ្ទះ 𝗕𝗚 𝗣𝗮𝘁𝗵𝘂𝗺 𝗨𝗻𝗶𝘁𝗲𝗱 ពិតជាធ្វើបានល្អមែនទែន ដោយអាចស៊ុតបញ្ជូលទីរហូតដល់ ២គ្រាប់ ក្នុងតង់ទី១ និងរកបាន២គ្រាប់ទៀត នៅតង់ទី២ ខណៈ Borussia Dortmund មិនអាចបំបែកពងមាន់បានឡើយ។ គ្រាប់បាល់ទាំង៤គ្រាប់របស់ BG Pathum United F.C រកបានដោយកីឡាករ Melvyn Lorenzen នៅនាទី១៤, Teerasil Dangda នាទី៤៤ និង Jaroensak Wonggorn ២គ្រាប់ម្នាក់ឯង នៅនាទី ៦៥ និង ៨៨។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតយប់មិញនេះ Borussia Dortmund មិនសូវដាក់កីឡាករល្បីៗរបស់ខ្លួនឡើយ ដោយដាក់កីឡាករយុវជនស្ទើរតែទាំងអស់ ខណៈក្រុមរបស់ថៃ ដាក់កីឡាករពេញជើងតែម្ដង ក្នុងនោះក៏មាន Messi J របស់ថៃផងដែរ។
គួរបញ្ជាក់ថា ចំពោះតម្លៃសំបុត្រទស្សនាផ្ទាល់ការប្រកួតរវាង Borussia Dortmund ប៉ះ BG Pathum United យប់មិញនេះ មានតម្លៃជាមធ្យមចាប់ពី ២២ដុល្លារ ដល់ ៥៥ដុល្លារ៕