Close

មន្ត្រី៖ ដំណាំស្រូវរងគ្រោះដោយសារដង្កូវហ្វូង នៅខេត្តសៀមរាប​ត្រូវបានសង្គ្រោះជាង​ ៨០%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រី៖ ដំណាំស្រូវរងគ្រោះដោយសារដង្កូវហ្វូង នៅខេត្តសៀមរាប​ត្រូវបានសង្គ្រោះជាង​ ៨០% មន្ត្រី៖ ដំណាំស្រូវរងគ្រោះដោយសារដង្កូវហ្វូង នៅខេត្តសៀមរាប​ត្រូវបានសង្គ្រោះជាង​ ៨០%

សៀរាប៖​ មន្ត្រីជំនាញបាននិយាយថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៥ របស់ខេត្តសៀមរាប ទំហំ ១៥៩ហិកតា ដែលទទួលរងគ្រោះដោយសារសត្វដង្កូវហ្វូង ត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះបានផ្ទៃដី សរុប ១៤០ហិកតា ស្មើនឹង ៨៨ភាគរយ។​ នេះបេីតាមមន្ទីរព័ត៌មានខេត្តសៀមរាប​។

របាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ស្តីពីការចុះពិនិត្យ តាមដាន ផ្សព្វផ្សាយ និងណែនាំពីវិធានការចម្រុះកម្ចាត់ ដង្កូវហ្វូងដែល កំពុងបំផ្លាញដំណាំស្រូវលើកទី២ ជូនដល់ប្រជាកសិករ នៅតាមតំបន់រងគ្រោះ នៅក្នុងខេត្តបានឲ្យដឹងថា ចាប់តាំងពីការរាលដាលនៃដង្កូវហ្វូងបំផ្លាញដំណាំស្រូវ នៅខេត្តសៀមរាប មន្ទីរបានប្រជុំរៀបចំ បែងចែកមន្ត្រី បច្ចេកទេសរបស់មន្ទីរ ចុះសហការជាមួយមន្ត្រីបច្ចេកទេសកសិកម្មក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យ តាមដាន ផ្សព្វផ្សាយ និងណែនាំពីវិធានការចម្រុះដើម្បីកម្ចាត់ដង្កូវហ្វូងជូនដល់ប្រជាកសិករនៅតាមតំបន់រងការបំផ្លាញ។

គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតិផ្ទៃដី នៃផលប៉ះពាល់ និងការចាត់វិធានការកម្ចាត់ដង្កូវហ្វូង របស់មន្ត្រីបច្ចេកទេស និងប្រជាកសិករមានដូចខាងក្រោម៖ ផ្ទៃដីសរុបរងផលប៉ះពាល់ដោយដង្កូវហ្វូងបំផ្លាញដំណាំស្រូវសរុប១៥៩ហិកតា លើស្រុកចំនួន៥ ឃុំចំនួន៦ ភូមិចំនួន១២ និងកសិកររងគ្រោះមានសរុបចំនួន ២២១គ្រួសារ។ ក្នុងចំនួននេះ មន្រ្តីជំនាញបានជួយសង្គ្រោះផ្ទៃដីសរុប១៤០ហិកតាស្មើនឹង ៨៨% ។
យោងតាមរបាយការណ៍ដដែលបង្ហាញថា ៖ ចំពោះក្រុងស្រុកទាំង៥ដែលទទួលរងគ្រោះមានស្រុកស្រីស្នំ :ផ្ទៃដី៨ ហិកតា សង្គ្រោះបាន ៨០% ស្រុកពួកផ្ទៃដី ៧៥ហិកតា សង្គ្រោះបាន ៨០% ស្រុកអង្គរជុំ ផ្ទៃដី ១ ហិកតា សង្គ្រោះបាន ១០០% ស្រុកអង្គរធំផ្ទៃដី ៦០ហិកតា សង្គ្រោះបាន ១០០% និងក្រុងរុនតាឯកតេជោសែន ផ្ទៃដី១៥ ហិកតា សង្គ្រោះបាន ៨០%។

ចំពោះផ្ទៃដីប៉ះពាល់នៅសល់កំពុងត្រូវបានសង្គ្រោះបណ្តើរៗ ស្របពេលជាមួយនឹងមានភ្លៀងធ្លាក់ជោកជាំដែលបានជួយដល់ការបញ្ចប់នៃរាលដាលរបស់ដង្កូវហ្វូងនៅពេលខ្លីខាងមុខនេះ។

មន្ទីរនឹងបន្តការចុះពិនិត្យ តាមដាន ផ្សព្វផ្សាយ វិធានការចម្រុះកម្ចាត់ដង្កូវហ្វូង នៅក្នុងកិច្ចប្រតិបត្តិការកម្ចាត់ដង្កូវនេះ មន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសហការជាមួយមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ តាមដាន ផ្សព្វផ្សាយ និងណែនាំពីវិធានការចម្រុះកម្ចាត់ដង្កូវហ្វូងសំខាន់ៗរួមមាន៖ ការកម្ចាត់ជម្រកដង្កូវ និងមេអំបៅ ដោយការសម្អាតស្មៅ និងកាកសំណល់នៅ ជុំវិញស្រែ ការកម្ចាត់មេអំបៅដោយប្រើអន្ទាក់ជូរ ផ្អែម និងការកម្ចាត់ដង្កូវដោយប្រើវិធីសាស្ត្រមេកានិច និងវិធានការប្រើប្រាស់ថ្នាំគីមីដែលជាវិធានការចុងក្រោយ។

ដោយនៅក្នុងការកម្ចាត់ដោយការប្រើថ្នាំពុលនេះ ក្រុមមន្ត្រីបច្ចេកទេសបានបង្ហាញ និងណែនាំ បច្ចេកទេស នៃការប្រើប្រាស់ថ្នាំគីមីកម្ចាត់ដង្កូវហ្វូងដល់ម្ចាស់ស្រែដែលបានចូលរួមដល់ទីកន្លែង និងបានណែនាំពីសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំកសិកម្ម៕

អត្ថបទទាក់ទង