Close

បេក្ខភាពគ្រូបង្វឹកទាំង​ ៧ រូប អាចនឹងជំនួសកៅអី លោក Southgate នៅជម្រើសជាតិអង់គ្លេស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ កីឡា
បេក្ខភាពគ្រូបង្វឹកទាំង​ ៧ រូប អាចនឹងជំនួសកៅអី លោក Southgate នៅជម្រើសជាតិអង់គ្លេស បេក្ខភាពគ្រូបង្វឹកទាំង​ ៧ រូប អាចនឹងជំនួសកៅអី លោក Southgate នៅជម្រើសជាតិអង់គ្លេស

ថ្មីៗនេះ លោក Gareth Southgate បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកអឺរ៉ុបឆ្នាំ ២០២៤ នៅទីក្រុងប៊ែរឡាំង ដោយបញ្ចប់ការគ្រប់គ្រងរយៈពេលប្រាំបីឆ្នាំ របស់លោក Southgate ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ។

លោក Southgate បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ ២០១៦ ជំនួសលោក Sam Allardyce ។ ចាប់តាំងពីពេលនោះមក លោក Southgate បានដឹកនាំប្រទេសអង់គ្លេស ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ចំនួនពីរដង និង Nations League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

បន្ទាប់ពីការចាកចេញរបស់លោក បច្ចុប្បន្ន សមាគមកីឡាបាល់ទាត់របស់ប្រទេសអង់គ្លេស ហៅកាត់ថា FA បានចុចឈ្មោះគ្រូបង្វឹកចំនួន៧នាក់ ត្រៀមជំនួសកៅអី លោក Gareth Southgate ដែលទំនេរ។

១. លោក Eddie Howe
គ្រូបង្វឹកក្រុមសារិការព្រៃ Newcastle United លោក Eddie Howe ត្រូវបានផ្សារភ្ជាប់ ការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស អស់រយៈពេលជាយូរមកហើយ។ លោក បានជួយ Newcastle United ត្រឡប់ទៅបាល់ទាត់ Champions League វិញ ក្នុងរដូវកាលថ្មីនេះ។ ជាងនេះទៅទៀត បទពិសោធន៍ជាគ្រូបង្វឹកនៅ Bournemouth និង Burnley ធ្វើឱ្យគាត់ក្លាយជាបេក្ខភាពនាំមុខមួយ សម្រាប់ការងារអង់គ្លេស។

២. លោក Jurgen Klopp
លោក Jurgen Klopp គឺជាឈ្មោះមួយផ្សេងទៀត ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមបាល់ទាត់អង់គ្លេស។ បុរសសញ្ជាតិអាឡឺម៉ង់ រូបនេះ បានចាកចេញពី Liverpool នៅចុងរដូវកាល ២០២៣-២៤ ហើយបើទោះបីជាបានត្រឹមតែឈ្នះពាន League Cup ក្នុងរដូវកាលចុងក្រោយរបស់គាត់ក៏ដោយ Klopp ត្រូវបានគេដឹងថា ជាបេក្ខភាពម្នាក់ ដែលសាកសម។ លោកបានដឹកនាំ Liverpool ឱ្យឈ្នះពាន Premier League និង Champions League ។

៣. លោក Pep Guardiola
គ្រូបង្វឹក Manchester City លោក Pep Guardiola ក៏អាចជាបេក្ខភាព ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ ជាថ្មីម្តងទៀត វាមិនទាន់ប្រាកដថាលោក នឹងទទួលតួនាទីជាអ្នកគ្រប់គ្រងជាមួយក្រុមអង់គ្លេសនោះទេ ប៉ុន្តែប្រសិន បើក្រុមតោកំណាចបានលោកដឹកនាំ នោះពិតជារឿងដ៏អស្ចារ្យ។ យ៉ាងណាមិញ លោក Guardiola ទើបតែបានចុះកិច្ចសន្យាបន្តជាមួយ Man City រហូតដល់ឆ្នាំ ២០២៥ ។

៤. លោក Graham Potter

អតីតគ្រូបង្វឹក Chelsea និង Brighton លោក Graham Potter គឺជាបេក្ខភាពខ្លាំងម្នាក់ទៀត ដែលសាកសមកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស។ លោក Potter បានចំណាយពេលបីឆ្នាំនៅ Brighton ដោយបានដឹកនាំ Brighton ដល់លេខ៩ នៅ Premier League ក្នុងរដូវកាល ២០២១-២២ ដែលជាចំណាត់ថ្នាក់ល្អបំផុតរបស់ក្លិប។បន្ទាប់មក លោកបានចូលកាន់តំណែងជាអ្នកចាត់ការ Chelsea នៅខែកញ្ញា ឆ្នាំ ២០២២ប៉ុន្តែត្រូវបានបណ្តេញចេញពីតំណែង នៅខែមេសា ឆ្នាំ ២០២៣ បន្ទាប់ពីទម្រង់លេងមានការធ្លាក់ចុះ ហើយលោកបានឈប់ពីការងារតាំងពីពេលនោះមក។

៥. លោក Mauricio Pochettino
លោក Pochettino គឺជាអ្នកចាត់ការទូទៅរបស់ Chelsea, Tottenham និង PSG ។ បើនិយាយពីបទពិសោធន៍ពិតណាស់គឺច្រើន និងមានស្ថិត្ថិល្អផងដែរ ដូច្នេះលោកគឺជាបេក្ខភាពដ៏សាកសមម្នាក់ ខណៈបច្ចុប្បន្ន លោកកំពុងទំណេរគ្មានការងារធ្វើ។

៦.លោក Thomas Tuchel
លោក Thomas Tuchel បានលាលែងពីដំណែងជាគ្រូបង្វឹកក្រុម Bayern Munich កាលពីរដូវកាលមុន បន្ទាប់ពីក្លឹបបានបរាជ័យ ក្នុងការឈ្នះពានរង្វាន់ Bundesliga ជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Tuchel បានទទួលជោគជ័យក្នុងនាមជាអ្នកគ្រប់គ្រងនៅក្លិបផ្សេង។ លោកបានដឹកនាំក្រុម Paris Saint Germain ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០២០ ហើយបន្ទាប់មកបានដឹកនាំ Chelsea ឱ្យឈ្នះពានរង្វាន់ Champions League មួយឆ្នាំក្រោយមក។

៧. លោក Frank Lampard

លោក Frank Lampard ធ្លាប់ដឹកនាំក្រុមស្កតាំងម៉ែ Everton និងតោខៀវ Chelsea។ Lampard បានចូលរួមជាមួយ Chelsea និងបានដឹកនាំពួកគេឱ្យទទួលបានចំណាត់ថ្នាក់លេខ៤ និងឈ្នះឈ្នះពានរង្វាន់ FA Cup ប៉ុន្តែលោកត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក នៅឆ្នាំ ២០២១។ បន្ទាប់មក Lampard បានចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Everton ក្នុងខែមករា ឆ្នាំ ២០២២ និងបានដឹកនាំក្រុមចំនួន ៤៤ប្រកួត ប៉ុន្តែឈ្នះត្រឹមតែ ១២ប្រកួតប៉ុណ្ណោះ៕

អត្ថបទទាក់ទង