Close

ស្ដារស្រះទំហំ ៤៦ ម៉ែត្រគុណ និង ខួងអណ្ដូងចំនួន ២កន្លែង នៅស្រុកបាធាយសម្រាប់ផលិតកម្មស្លឹកគ្រៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ស្ដារស្រះទំហំ ៤៦ ម៉ែត្រគុណ និង ខួងអណ្ដូងចំនួន ២កន្លែង នៅស្រុកបាធាយសម្រាប់ផលិតកម្មស្លឹកគ្រៃ ស្ដារស្រះទំហំ ៤៦ ម៉ែត្រគុណ និង ខួងអណ្ដូងចំនួន ២កន្លែង នៅស្រុកបាធាយសម្រាប់ផលិតកម្មស្លឹកគ្រៃ

កំពង់ចាម៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក គាំទ្រអនុគម្រោងកែលម្អអាងស្តុកទឹក និងប្រព័ន្ធបូមទឹកក្រោមដីប្រើថាមពលសូឡា បានជួយស្ដារស្រះទំហំ ៤៦ ម៉ែត្រ គុណ និង ខួងអណ្ដូងចំនួន២កន្លែងស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងសម្រាប់ផលិតកម្មស្លឹកគ្រៃ។

ការគាំទ្រនេះ ត្រូវបានអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ និងសង្ឃឹមថាវានឹងបានក្លាយជាជម្រើសមួយសម្រាប់ប្រព័ន្ធស្រោចស្រពខ្នាតតូចសម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីកែលម្អផលិតកម្មស្លឹកគ្រៃ។

គម្រោងត្រូវបានអនុម័តក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ទឹកសម្រាប់សហគមន៍កសិកម្ម ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកដែលបណ្តាលមកពីការប្រែប្រួលនៃរបបទឹកភ្លៀង និងការប្រែប្រួលអាកាសធាតុ តាមរយៈការសាងសង់ និងការស្តារឡើងវិញនូវប្រព័ន្ធចែកចាយទឹកខ្នាតតូចប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ផលិតកម្មស្លឹកគ្រៃ។

តាមផែនការ សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានបានស្នើរសុំ៖ (១) ស្ដារស្រះទំហំ ៤៦ ម៉ែត្រ គុណនឹង ២៦ ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ ដោយក្រាលកៅស៊ូតង់ការពារជម្រាប ដែលមានសមត្ថភាពស្តុកទឹកបានប្រហែល ២៧០០ម៉ែត្រគូប, (២) ខួងអណ្ដូងចំនួន២កន្លែង ដែលមានជម្រៅចន្លោះពី ៧៥ម៉ែត្រទៅ១២៥ម៉ែត្រ ដោយភ្ជាប់ជាមួយម៉ូទ័របូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលប៉ាន់ស្មានថានឹងអាចបូមទឹកបានយ៉ាងតិចប្រមាណ ៧ម៉ែត្រគូបក្នុងមួយម៉ោង សម្រាប់អណ្ដូងនីមួយៗ។

អនុគម្រោងនេះនឹងអាចជួយស្រោចស្រពដំណាំស្លឹកគ្រៃរបស់សមាជិកសហគមន៍ក្នុងផ្ទៃដីប្រមាណ ២៥ហិចតា សង្ឃឹមថានឹងធានាបាននិរន្តរភាពរយៈពេលវែងសម្រាប់ផលិតកម្មស្លឹកគ្រៃ៕

អត្ថបទទាក់ទង