Close

មកទល់ពេលនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្ត ៩៧គម្រោង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មកទល់ពេលនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្ត ៩៧គម្រោង មកទល់ពេលនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្ត ៩៧គម្រោង

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង និងបានធ្វើលិខិតអនុញ្ញាតជាគោលការណ៍ បានចំនួន ៤១គម្រោងហើយ។ នេះ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។

ជាក់ស្តែងនៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ វាយតម្លៃគម្រោងវិនិយោគជាប់គាំង និងគម្រោងស្នើសុំការលើកទឹកចិត្ត ចំនួន២៧ទីតាំងបន្ថែមទៀត ក្នុងខេត្តព្រះសីហនុ។

ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។

សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៤ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការបានក្នុងឆ្នាំ ២០២៤, ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច និង ៤) គម្រោងដែលមានស្រាប់ ។

ពិតណាស់ថា ការផ្តល់អត្ថប្រយោជន៍ពិសេស គឺផ្តល់ជូនដល់ម្ចាស់គម្រោងគ្រប់ជាតិសាសន៍ ដែលប្រកបធុរកិច្ច ឬ វិនិយោគស្របច្បាប់, ជារូបវ័ន្ត បុគ្គល និង នីតិបុគ្គល ដែលជាសហគ្រាសមីក្រូ, តូច មធ្យម និង ធំ ដោយមិនគិតកម្រៃ ៕

អត្ថបទទាក់ទង