Bayern Munich ចុះហត្ថលេខាលើខ្សែបម្រើស្លាប Olise ពីក្លិប Crystal Palace
ក្លឹបយក្សអាល្លឺម៉ង់ FC Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើស្លាបកំពុងឡើងជើង Michael Olise ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ពីក្លឹប Crystal Palace។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្លឹប នៅព្រឹកថ្ងៃ ចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ ក្លិប Bayern Munich នឹងចំណាយប្រាក់ចំនួន ៦០លានអឺរ៉ូ ទៅឲ្យ Crystal Palace ដើម្បីនាំយកកីឡាករ ដែលមានដើមកំណើតនៅទីក្រុងឡុងដ៍ អាយុ ២២ឆ្នាំរូបនេះ ទៅកាន់កីឡដ្ឋាន Allianz Arena ។
ទោះនៅវ័យក្មេងតែ Michael Olise ស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ដង ក្នុងការបង្ហាញខ្លួន ១៩ដង កាលពីរដូវកាលមុន ដោយជួយឲ្យក្លិបឈរនៅចំណាត់ថ្នាក់ទី១០ នៅ Premier League។
មែនទែនទៅ មុនផ្លាស់មកកាន់ Bayern Munich កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានគេ ក្លឹបជាច្រើនចាប់អារម្មណ៍ ក្នុងនោះមានដូចជាតោខៀវ Chelsea និងក្រុមសារិកាព្រៃ Newcastle United ។
ទោះបីជាកើតនៅប្រទេសអង់គ្លេស ក៏ដោយ Olise បានលេងចំនួន ៧ប្រកួត សម្រាប់ក្រុមអាយុក្រោម ២១ឆ្នាំរបស់បារាំង ដោយមានម្តាយជាជនជាតិបារាំង – អាល់ហ្សេរី។ រូបគេត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលនឹងចាប់ផ្ដើមនៅខែកក្កដាននេះផងដែរ៕