Close

ទីបំផុ! Man United សម្រេចបន្តកុងត្រាឲ្យលោក Ten Hag រហូតដល់ឆ្នាំ ២០២៦

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ទីបំផុ! Man United សម្រេចបន្តកុងត្រាឲ្យលោក Ten Hag រហូតដល់ឆ្នាំ ២០២៦ ទីបំផុ! Man United សម្រេចបន្តកុងត្រាឲ្យលោក Ten Hag រហូតដល់ឆ្នាំ ២០២៦

កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានចុះកុងត្រាថ្មីជាមួយក្លិប ដើម្បីបន្តស្នាក់នៅ Old Trafford រហូតដល់ឆ្នាំ ២០២៦។ នេះបើតាមការប្រកាសរបស់ក្លឹប Manchester United។

ជាការពិតណាស់ ដំបូងឡើយ លោក Erik ten Hag ត្រូវបានគេរំពឹងទុកថា នឹងត្រូវបណ្តេញចេញពីក្លិប បន្ទាប់ពី United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងតារាង Premier League កាលពីរដូវកាលមុន ដែលជាការបញ្ចប់នៅចំណាត់ថ្នាក់ទាបបំផុតមិនធ្លាប់មាន និងចាញ់ក្នុងលីគ រហូតដល់ ១៤ប្រកួត ស្របពេលដែលកិច្ចសន្យារបស់លោកគាត់ ត្រូវផុតកំណត់នៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើក្រុមម្ចាស់ជើងឯក Premier League គឺក្លិបមេឃខៀវ Manchester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup បានធ្វើឱ្យកៅអីរបស់បុរសវ័យ ៥៤ឆ្នាំរូបនេះ ត្រជាក់ឡើងវិញ នឹងទទួលបានការទុកចិត្តឲ្យដឹកនាំបន្តទៀត។

លោក Dan Ashworth នាយកផ្នែកកីឡារបស់ក្លឹប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ជាមួយនឹងពានរង្វាន់ចំនួនពីរក្នុងរយៈពេលពីររដូវកាលកន្លងមក Ten Hag បានពង្រឹងកំណត់ត្រារបស់គាត់ជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតមួយនៅក្នុងបាល់ទាត់អឺរ៉ុប។ជាមួយគ្នានេះ ការពិនិត្យឡើងវិញរបស់ក្លឹប ក៏បានឈានដល់ការសន្និដ្ឋានយ៉ាងច្បាស់ថា លោក Erik Ten Hag គឺជាដៃគូដ៏ល្អបំផុតសម្រាប់ពួកយើង ក្នុងការធ្វើការជាមួយ»។

គួរបញ្ជាក់ថា ក្នុងរដូវកាលដំបូងរបស់លោក Ten Hag ហាក់ធ្វើបានល្អមែនទែន ពោលគឺឈ្នះ ៩ប្រកួតជាប់គ្នាគ្រប់កម្មវិធី ព្រមទាំងបានលើកពាន League Cup និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង Premier League។ ចាប់តាំងពីចូលកាន់តំណែង ២រដូវកាលមកនេះ លោក Ten Hag បានចាយលុយជាង ៤០០លានផោន លើការទិញកីឡាករថ្មី ប៉ុន្តែបានឈ្នះពានរង្វាន់ចំនួន២៕

អត្ថបទទាក់ទង