មន្ត្រីក្រុមហាម៉ាស់៖ កិច្ចព្រមព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា «គ្មានអ្វីថ្មី»
ក្រុងបេរូត៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងបេរូតថា ការចរចាសម្រាប់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមិនមានការរីកចំរើនអ្វីឡើយ។
កាលពីថ្ងៃសៅរ៍ លោក Osama Hamdan មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បានបញ្ជាក់ថា ក្រុមហាម៉ាស់បានទទួលសំណើកិច្ចព្រមព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ចុងក្រោយបង្អស់កាលពីថ្ងៃទី២៤ ខែមិថុនា ប៉ុន្តែថាវា “គ្មានអ្វីថ្មីទេ”។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងអាចនិយាយបានថាមិនមានការរីកចម្រើនពិតប្រាកដនៅក្នុងការចរចាដើម្បីបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលរហូតមកដល់ពេលនេះ” ។
ផែនការដែលបង្ហាញដោយលោក Biden រហូតមកដល់ពេលនេះបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា លោកនឹងបន្តធ្វើសង្រ្គាមរហូតដល់ក្រុម Hamas ត្រូវបរាជ័យទាំងស្រុង ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។
លោក Hamdan បាននិយាយទៀតថា សំណើនេះគ្រាន់តែជាការខ្ជះខ្ជាយពេលវេលា និងផ្តល់ពេលវេលាបន្ថែមសម្រាប់ការកាន់កាប់ដើម្បីអនុវត្តអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាប៉ុណ្ណោះ ។
លោកក៏បាននិយាយផងដែរថា ក្រុមហាម៉ាស់កំពុងត្រូវបានរងសម្ពាធឱ្យទទួលយកកិច្ចព្រមព្រៀងរបស់អ៊ីស្រាអែល “ព្រោះវាគ្មានការកែប្រែ”។
ចលនាតស៊ូរបស់ប៉ាឡេស្ទីនទទូចលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
ផែនការដែលបានបង្ហាញកាលពីខែមុនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បញ្ជាក់ថា សំណើដែលត្រូវបានស្នើឡើងដោយប្រទេសអ៊ីស្រាអែល រួមមានបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ អមដោយការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ដែលមានប្រជាជនច្រើន និងការដោះលែងចំណាប់ខ្មាំងមួយចំនួនជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនដែលឃុំខ្លួននៅអ៊ីស្រាអែល។ ប៉ុន្តែ យោងតាមចុះផ្សាយរបស់គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក Axios បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានបង្ហាញ “ភាសាថ្មីសម្រាប់ផ្នែកខ្លះនៃ” កិច្ចព្រមព្រៀងដែលបានស្នើឡើង៕