Close

ក្រសួងឧស្សាហកម្ម និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចុះ MOU បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចុះ MOU បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្រសួងឧស្សាហកម្ម និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចុះ MOU បង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤
បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី។

គំនិតផ្តួចផ្តើមនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ស្ថិរភាព និងការពង្រីកអាជីវកម្ម ដើម្បីសហគ្រាសទាំងនេះអាចរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរសម្របសម្រួលការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងចែករំលែកព័ត៌មាន ដើម្បីគាំទ្រសហគ្រាសឱ្យចាប់ផ្តើម ពង្រីក និងស្តារប្រតិបត្តិការរបស់ពួកគេប្រកបដោយនិរន្តរភាព។

អនុស្សរណៈក៏មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យអាទិភាព ដែលរួមមានការកែច្នៃកសិផល វិស័យកម្មន្តសាល និងធុរកិច្ចថ្មីផ្នែក បច្ចេកវិទ្យាផងដែរ។

លើសពីនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាលើការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីនៃការទទួលបានហិរញ្ញប្បទាន និងអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយដើម្បីគាំទ្រវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយផ្តោតលើសារៈសំខាន់នៃលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងតួនាទីរបស់សហគ្រាសធុនតូច និងមធ្យមក្នុងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា៕

អត្ថបទទាក់ទង