Close

រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុន ២ពាន់លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុន ២ពាន់លានដុល្លារ រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុន ២ពាន់លានដុល្លារ

ភ្នំពេញ៖ រដ្ឋាភិបាលលេខាធិការដ្ឋានផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង អនុម័តគម្រោងវិនិយោគចំនួន ២២ ក្នុងខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុបចំនួន ២ពាន់លាន ដុល្លាអាមេរិក ឱ្យទទួលបានការលើកទឹកចិត្តពិសេស។

ការអនុម័តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារជុំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងដោយមានការចូលរួមពី ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង។

កិច្ចប្រជុំខាងលើនេះ ដើម្បីត្រួតពិនិត្យ និងអនុម័តផ្ដល់ជូនអត្ថប្រយោជន៍ពិសេស ទៅលើសំណើរគម្រោងនៅខេត្តព្រះសីហនុដែលបានដាក់ស្នើដោយវិនិយោគិនក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៣,គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ ។

គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០០ ០០០ ដុល្លារអាមេរិក ដល់ ៥០០ ០០០ ០០០ ដុល្លារអាមេរិក ។

ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។

តាមរយៈនេះ និង ជាបន្តបន្ទាប់ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៦៣ ។ ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៦បន្ថែមទៀត ។

សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៤ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការបានក្នុងឆ្នាំ ២០២៤, ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច និង ៤) គម្រោងដែលមានស្រាប់ ។ ពិ

តណាស់ថា ការផ្តល់អត្ថប្រយោជន៍ពិសេស គឺផ្តល់ជូនដល់ម្ចាស់គម្រោងគ្រប់ជាតិសាសន៍ ដែលប្រកបធុរកិច្ច ឬ វិនិយោគស្របច្បាប់, ជារូបវ័ន្ត បុគ្គល និង នីតិបុគ្គល ដែលជាសហគ្រាសមីក្រូ, តូច មធ្យម និង ធំ ដោយមិនគិតកម្រៃ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីពិសេស ដោយរលូន និង លើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អ និង មានលក្ខណៈអំណោយផល ។

ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនទាំងក្នុង និង ក្រៅប្រទេស ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕

អត្ថបទទាក់ទង