Close

ស៊ូ យ៉ាទី ទាយថា ក្រុមជម្រើសជាតិមួយនេះ នឹងលើកពាន Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ស៊ូ យ៉ាទី ទាយថា ក្រុមជម្រើសជាតិមួយនេះ នឹងលើកពាន Euro 2024 ស៊ូ យ៉ាទី ទាយថា ក្រុមជម្រើសជាតិមួយនេះ នឹងលើកពាន Euro 2024

អតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា និងក្លិបបាល់ទាត់ណាហ្គាវើលដ៍ កីឡាករ ស៊ូ យ៉ាទី បានបង្ហាញពីក្រុមជម្រើសជាតិមួយ ក្នុងចំណោមក្រុមទាំង២៤ក្រុម ដែលខ្លួនពេញចិត្ត និងគិតថានឹងលើកពាន Euro 2024 ដែលប្រារព្ធឡើងក្នុងប្រទេសអាល្លឺម៉ង់។

ថ្លែងមកកាន់ ENN News នៅថ្ងៃ សុក្រ ទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះ អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី បាននិយាយថា៖«ក្នុងព្រឹត្តិការណ៍ Euro 2024 ដែលប្រារព្ធឡើងក្នុងប្រទេសអាល្លឺម៉ង់នេះ ខ្ញុំគិតថា ក្រុមដែលនឹងឡើងទៅប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រនោះ គឺក្រុមអាល្លឺម៉ង់ និងអេស្ប៉ាញ ហើយក្រុមដែលក្លាយជាម្ចាស់ជើងឯកគឺម្ចាស់ផ្ទះអាល្លឺម៉ង់»។

អ្នកចាំទីដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិទាំងឈុតយុវជន និងឈុតធំ បានជាង ៥០ប្រកួតរូបនេះ បានបន្ថែមថា៖« ក្រុមជម្រើសជាតិអាល្លឺម៉ង់មានភាគរយខ្ពស់ ដោយសារលេងក្នុងទឹកដីគាត់ ពួកគាត់មានអ្នកគាំទ្រច្រើន ដូច្នេះនេះចាផលចំណេញ។ ម្យ៉ាងវិញទៀត ឆ្នាំនេះ អាល្លឺម៉ង់ មានកីឡាករល្អៗច្រើន ហើយខ្ញុំក៏ជាអ្នកគាំទ្រអាល្លឺម៉ង់ជាយូរមកហើយ»។

កាលពីពេលថ្មីៗ អ្នកចាំទីដ៏ចាស់វស្សា ស៊ូ យ៉ាទី យល់ព្រមព្រៀងជាមួយក្លិបបាល់ទាត់ណាហ្គាវើលដ៍ រំសាយកុងត្រាដែលនៅសល់ទាំងអស់ ដោយសារតែមូលហេតុគឺចង់សម្រាកពីបាល់ទាត់មួយរយៈធំ ដើម្បីព្យាបាលរបួសឲ្យជាសះស្បើយ ១០០% ហើយនឹងជាប់ភារកិច្ចផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ សុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ Euro 2024 នេះ គេបានរកឃើញ ២ក្រុមហើយ បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេ ដែលមានដូចជាក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ៕

អត្ថបទទាក់ទង