Close

ដំណឹងល្អ! ទូររថភ្លើមួយទឹកដែលបញ្ជាទិញពីប្រទេសជប៉ុនចំនួន ៦គ្រឿងបន្ថែមទៀត នឹងបើកធ្វើតេស្តសាកល្បងនៅថ្ងៃនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ដំណឹងល្អ! ទូររថភ្លើមួយទឹកដែលបញ្ជាទិញពីប្រទេសជប៉ុនចំនួន ៦គ្រឿងបន្ថែមទៀត នឹងបើកធ្វើតេស្តសាកល្បងនៅថ្ងៃនេះ ដំណឹងល្អ! ទូររថភ្លើមួយទឹកដែលបញ្ជាទិញពីប្រទេសជប៉ុនចំនួន ៦គ្រឿងបន្ថែមទៀត នឹងបើកធ្វើតេស្តសាកល្បងនៅថ្ងៃនេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានថ្លែងថា ទូររថភ្លើ Kiha-183 ប្រភេទ DMU(Diesel Multiple Unit) ចំនួន ៦គ្រឿងបន្ថែមទៀត ដែលទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ នឹងបើកធ្វើតេស្តសាកល្បងរត់ពីព្រះសីហនុមកភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ លោក ផន រឹម បញ្ជាក់ថា ការធ្វើតេស្តសាកល្បងនៅថ្ងៃនេះ បន្ទាប់ពីទូររថភ្លើងដូចគ្នានេះចំនួន ៣ គ្រឿងបានបើកធ្វើតេស្តដោយជោគជ័យទាំងលើលើផ្លូវដែលភាគខាងត្បូង និងភាគខាងជើងកាលពីពេលថ្មីៗនេះ។

លោកបន្ថែមថា ៖«ព័ត៌មានលម្អិត នឹងផ្សាយជូននាពេលក្រោយ បន្ទាប់ពីការបើកធ្វើតេស្តរួចរាល់»។

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit)ចំនួន៣គ្រឿង បានបើកបរតេស្តសាកល្បងជាថ្មី លើផ្លូវដែកភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ចម្ងាយជាង ៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ បន្ទាប់ពីការបើកបរតេស្តលើកទី១ លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

ការបើកតេស្តសាកល្បងលើកទី២នេះ បានធ្វើឡើងក្នុងល្បឿនចម្លោះពី ៣០-៥០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់។

ក្រុមRoyal Railway Cambodia(RRC) ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េងបានទិញរថភ្លើងចំនួន ១១គ្រឿងពីប្រទេសជប៉ុន ដើម្បីធ្វើឲ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជាទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែងលើវិស័យឡូជីស្ទីក។

រថភ្លើងប្រភេទ DMU (Diesel Multiple Unit) ចំនួន១១ គ្រឿងដែលក្រុមហ៊ុនRRC បានទិញពីប្រទេសជប៉ុនជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើង និងស្រតាម លក្ខខណ្ឌ នៃការប្រើប្រាស់ នឹងត្រូវធ្វើឡើងឲ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា៕

អត្ថបទទាក់ទង