អាល្លឺម៉ង់ ក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Euro 2024
(បាល់ទាត់)៖ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann បានក្លាយជាក្រុុមដំបូងគេនៅព្រឹត្តិការណ៍ UEFA Euro 2024 ដែលបានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ហុងគ្រី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន MHPArena នៃការប្រកួតជុំទី២ ក្នុងពូល A ។
ក្នុងប្រកួតបើឆាក ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ពិតជាធ្វើបានល្អមែនទែន ដោយលត់ក្រុមជម្រើសជាតិស្កុតឡេន យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១ ហើយកាលពីយប់មិញនេះ ក្នុងប្រកួតទី២របស់ខ្លួន បានបន្តយកឈ្នះ ហុងគ្រី ក្នុងលទ្ធផល ២-០។ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមម្ចាស់ជើងឯក World Cup 2014 មាន ៦ពិន្ទុពេញ និងក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ទោះបីនៅសល់១ប្រកួតទៀតក៏ដោយ។
-តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
១.អាល្លឺម៉ង់ ៦ពិន្ទុ
២.ស្វីស ៤ពិន្ទុ
៣.ស្កុតឡេន ១ពិន្ទុ
៤.ហុងគ្រី 0ពិន្ទុ។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឬ Euro 2024 ដែលអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះនេះ បានចាប់ផ្ដើមពីនៅថ្ងៃទី១៤ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ និងមានក្រុមចូលរួមចំនួន ២៤ក្រុម៕