Close

ក្រុមហ៊ុនដ៏ធំរបស់ចិនចំនួន ២ ស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនដ៏ធំរបស់ចិនចំនួន ២ ស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់នៅកម្ពុជា ក្រុមហ៊ុនដ៏ធំរបស់ចិនចំនួន ២ ស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់នៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុន CID logistics Co., Ltd និងក្រុមហ៊ុន Shanghai Shunkai International Freight &
Forwarding Co., Ltd បានអះអាងថា ខ្លួនមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់ ។

គណៈប្រតិភូក្រុមហ៊ុនទាំងពីរ បានអំអាងបែបនេះ ក្នុងពេល អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាខែមិថុនានេះ និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។

គណៈប្រតិភូក្រុមហ៊ុនទាំងពីរបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចនៅពេលនេះ ក្រុមហ៊ុននឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។

ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនចំពោះ គណៈប្រតិភូក្រុមហ៊ុនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់កម្ពុជា និងបានសម្តែងនូវការចាប់អារម្មណ៍ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តម ក៏បានឆ្លៀតគូសបញ្ជាក់ជូនគណៈប្រតិភូក្រុមហ៊ុនទាំងពីរអំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តមទីប្រឹក្សាបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូក្រុមហ៊ុនទាំងពីរចំពោះការជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានា នាពេលខាងមុខ ព្រមទាំងបានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យជាផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ៕

អត្ថបទទាក់ទង