កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ នៅចុងខែនេះ
ភ្នំពេញ៖ កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមដើម្បីកំណើនកាន់តែ ប្រសើរ”។
កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនាជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និងមធ្យមមានប្រមាណ៩០% នៃអាជីវកម្មទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។
នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការងារ ពង្រឹងសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
ជាមួយនឹងសក្តានុពលក្នុងការ បង្កើន តម្លៃបន្ថែម ការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ការពង្រីកទីផ្សារ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។