Close

គិតមកទល់ពេលនេះ អាជ្ញាធរជាតិអប្សរាបដាំដើមត្នោតប្រមាណ ៥,០០០ដើម នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គិតមកទល់ពេលនេះ អាជ្ញាធរជាតិអប្សរាបដាំដើមត្នោតប្រមាណ ៥,០០០ដើម នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា គិតមកទល់ពេលនេះ អាជ្ញាធរជាតិអប្សរាបដាំដើមត្នោតប្រមាណ ៥,០០០ដើម នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា

សៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះនិងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីថែរក្សាដើមត្នោតជាតំណាងអត្តសញ្ញាណរបស់ខ្មែរ ខណៈ គិតមកទល់ពេលនេះ អាជ្ញាធរជាតិអប្សរាប ដាំដើមត្នោតប្រមាណ៥,០០០ដើម នៅតាមទំនប់បុរាណឬមាត់ប្រឡាយនានា ។

ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរាក៏បានគិតគូ ចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។

លោក បន្តថា តម្រូវការប្រើប្រាស់ដើមត្នោត បានកើនឡើងជាប្រចាំ ជាហេតុអាចប្រឈមនិងការបាត់បង់ដើមឈើ ជាអត្តសញ្ញាណមួយនេះ បើសិនមិនមានការដាំដុះឡើងវិញនោះ។

លោក ញ៉ែម រស្មី បញ្ជាក់ថា អនុវត្តតាមទស្សនវិស័យ និងការគិតគូរវែង ឆ្ងាយរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មកដល់បច្ចុប្បន្ននេះដើមត្នោត ដែលបានដាំដុះរួច និងកំពុងលូតលាស់យ៉ាងល្អប្រសើរ លើដីនៃឧទ្យានអង្គរ មានចំនួនប្រមាណ៥,០០០ដើមរួចមកហើយ។

លោកសង្កត់ទៀតថា ខណៈក្រុមការងារក៏កំពុងបណ្តុះ នៅតាមស្ថានីយបណ្តុះកូនឈើនានា មានប្រមាណជាង២,០០០ដើមបន្ថែម ដើម្បីត្រៀមដាំដុះនៅតាមទីតាំងក្បែរមាត់ប្រឡាយ និងទំនប់បុរាណ នារដូវវស្សាខាងមុខនេះ។

លោក បន្ថែមថា នៅពេលដើមត្នោតដែលបានដាំដុះក្នុងពេលកន្លងមក លូតលាស់ហើយអាចអាស្រ័យផលបាន បងប្អូនប្រជាពលរដ្ឋនៅក្បែរៗនោះអាចអាស្រ័យផល តាមរយៈការបេះផ្លែ និងទឹកត្នោត យកទៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ប៉ុន្តែអាជ្ញាធរជាតិអប្សរា សូមសំណូមពរបងប្អូនមិនត្រូវកាប់ដើមត្នោតទាំងនោះជាដាច់ខាត ព្រោះថាដើមឈើទាំងនោះ ទម្រាំដាំដុះឱ្យធំលូតលាស់ផ្តល់ផលមកវិញ ចំណាយពេលមិនតិចជាង២០ឆ្នាំឡើយ៕

អត្ថបទទាក់ទង