Close

ឥណ្ឌូនេស៊ីស្នើកម្ពុជាចុះ MOU ធ្វើកិច្ចសហការលើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឥណ្ឌូនេស៊ីស្នើកម្ពុជាចុះ MOU ធ្វើកិច្ចសហការលើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឥណ្ឌូនេស៊ីស្នើកម្ពុជាចុះ MOU ធ្វើកិច្ចសហការលើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម

ភ្នំពេញ៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ធ្វើកិច្ចសហការ លើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការអប់រំវិជ្ជាជីវៈសម្រាប់ឧស្សាហកម្ម, និងកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍ ដើម្បីធានាថាផលិតផលបំពេញតាមស្តង់ដារទីផ្សារក្នុងប្រទេសទាំងពីរ។

ការស្នើរបស់ ឯកឧត្តម Santo Darmosumarto ធ្វើឡើង ក្នុងពេលដឹកនាំគណៈប្រតិភូចូលជួប ពិភាក្សាការងារ ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

នាឱកាសនោះ ឯកឧត្តម Darmosumarto បានបញ្ជាក់ពីបេសកកម្មចំនួនបួនក្នុងអាណត្តិរបស់ឯកឧត្តមនៅកម្ពុជា ពោលគឺ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើយុវជន និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ជាមួយកម្ពុជា ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន, និងការពារពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងធ្វើការនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម Darmosumarto បានកោតសរសើរកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ប្រកបដោយជោគជ័យ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

ជាមួយគ្នានោះ ឯកឧត្តមបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជាការគាំពារសង្គម និងឱកាសអភិវឌ្ឍន៍ជំនាញជាដើម។

ឯកឧត្តមបានបន្ថែមថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០.០០០ អង្គភាព ខណៈប្រទេសឥណ្ឌូនេស៊ីមានប្រមាណ ៦៥ លានអង្គភាព ដែលនេះបង្ហាញពីឱកាសដើម្បីកម្ពុជាដកស្រង់បទពិសោធន៍ដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី។

ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បំណងប្រាថ្នារបស់កម្ពុជាក្នុងការផ្លោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដោយរំលឹកថា៖ “កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការបង្កើត និងដឹកនាំគម្រោងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន ដូច្នេះយើងមានឱកាសច្រើនក្នុងការសហការគ្នា លើវិស័យនេះ។”

ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួន ឱ្យទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដើម្បីគាំទ្រវិស័យឯកជនកាន់តែប្រសើរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ស្របតាមគោលដៅសុខដុមនីយកម្មស្តង់ដារអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យបង្កើតសម្ព័ន្ធភាពមន្ទីរពិសោធន៍រវាងមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសម្រួលដល់ការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃការធ្វើតេស្ត និងលទ្ធផលមន្ទីរពិសោធន៍នៅទូទាំងតំបន់អាស៊ាន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈគំនិតផ្តួចផ្តើមដូចជាសហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងយន្តការផ្តល់ហិរញ្ញប្បទានផ្សេងៗទៀត។

ប្រទេសឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ីឱ្យពិចារណាវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជា៕

អត្ថបទទាក់ទង