កម្ពុជារៀបចំវេទិកាចែករំលែកព័ត៌មាន និងចំណេះដឹងពីឱកាសវិនិយោគនៅកម្ពុជាដល់អ្នកវិនិយោគវ័យក្មេងមកពីជាង ៥០ប្រទេស

សៀមរាប៖ កម្ពុជា រៀបចំ «វេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្ម» នៃមហាសន្និបាទប្រចាំ
អាស៊ីប៉ាស៊ីហ្វិចឆ្នាំ២០២៤របស់JCI នៅខេត្តសៀមរាប ដើម្បីចែករំលែកព័ត៌មានសំខាន់ៗ និងចំណេះដឹងពីឱកាសវិនិយោគនៅកម្ពុជាដល់អ្នកវិនិយោគវ័យក្មេងដែលជាសមាជិកJCI ចំនួនជិត ៥០០នាក់ មកពីជាង៥០ប្រទេស។
វេទិកានេះរៀបចំធ្វើនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ផ្តោតសំខាន់លើ៣ចំណុចធំៗ រួមមាន ការធ្វើបច្ចុប្បន្នភាពពីស្ថានភាពនៃវិស័យនីមួយៗ បញ្ហាប្រឈមដែលកំពុងជួបប្រទះ និងឱកាស ឬអាទិភាពចាំបាច់ជាងគេ ព្រមទាំងមានអនុញ្ញាតឱ្យមានសំណួរចម្លើយផងដែរ។
នាឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីបរិយាកាសធុរកិច្ចដ៏រស់រវើក និងពោរពេញដោយសក្តានុពល ដែលក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។

លោក ជំទាវ បន្ថែមថា ជោគជ័យនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ និងរដ្ឋាភិបាលសកម្មដែលយល់ពីតម្លៃនៃវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបញ្ញតិ្តក្នុងស្រុក ដើម្បីជួយសម្រួលការដំណើរការអាជីវកម្មនៅកម្ពុជាឱ្យមានភាពប្រគួតប្រជែង និងធានាពង្រឹងដល់បរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរជាងមុន។
លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាទទួលស្គាល់ថា ការទទួលយកបច្ចេកវិទ្យាឌីជីថលគឺមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដូចជា៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CAMdx), verify.gov.kh, ប្រព័ន្ធបញ្ជរតែមួយជាតិ, CambodiaTrade.com, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ និងប្រព័ន្ធទូទាត់ឌីជីថល (បាគង)។

លោកជំទាវរដ្ឋមន្ត្រីបាន លើកទឹកចិត្ត និងស្នើឱ្យអ្នកវិនិយោគទាំងអស់ចូលរួមស្វែងយល់ពីសក្តានុពលដ៏ធំដែលកម្ពុជាផ្តល់ជូនធុរជន។ “តើត្រូវវិនិយោគលើសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើង ទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់យើង ឬបង្កើនភាពជឿនលឿនផ្នែកឌីជីថលរបស់យើង កម្ពុជាស្វាគមន៍ដោយកក់ក្តៅ” លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍។
ព្រឹត្តិការណ៍ខាងលើនេះត្រូវបានបើកកាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ – បានអញ្ជើញជាអធិបតីក្នុងពិធីបិទ នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI Cambodia និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីការទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកចូលរួមប្រមាណជិត ៥ពាន់នាក់ មកពីជាង ៥០ប្រទេស៕

