ដំណឹងល្អ! គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) នឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៥
ភ្នំពេញ៖ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្ដេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤បានអះអាងថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥។
ឯកឧត្តម ផាក ជុងវុក បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា សម្តេចនឹងបានឃើញដោយផ្ទាល់ភ្នែកក្នុងពេលឆាប់ៗខាងមុខនូវ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរនេះ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់។
នាឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងផងដែរថា« ប្រទេសយើងទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជាជាច្រើនបានរៀបការជាមួយនឹងបុរសជនជាតិកូរ៉េ ដូច្នេះ គួរធ្វើយ៉ាងណាឱ្យកូនកាត់កម្ពុជា-កូរ៉េទាំងនោះ អាចចេះទាំង២ភាសាគឺភាសាកម្ពុជា និងភាសាកូរ៉េ ដើម្បីឱ្យគេស្គាល់អត្តសញ្ញាណរបស់គេ»។
ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថាការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរីយក្សត្រ មានតម្លៃជិត ៣០០លានដុល្លារអាម៉េរិក ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
តាមរយៈគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញកាន់តែងាយស្រួល ក៏ដូចជា ការតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ទីក្រុងអរីយក្សត្រ រួមជាមួយតំបន់ជុំវិញនោះ ដែលនឹងប្រែក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីភាគខាងកើតរាជធានីភ្នំពេញផងដែរ។
ម៉្យាងវិញទៀត គម្រោងស្ពាននេះ ក៏ជំរុញឲ្យតម្លៃអចលនទ្រព្យ នៅតំបន់នោះហក់ឡើង ជាពិសេសនឹងប្រែក្លាយតំបន់ម្ខាង នៃដងទន្លេនៃតំបន់អរិយក្សត្រ ជាទីក្រុងរណបថ្មី ខណៈទីនោះ កំពុងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរួមទាំងគម្រោងបុរីជាច្រើន៕