ទីបំផុត ! Conte ត្រឡប់មកធ្វើជាគ្រូបង្វឹកថ្មី ក្នុងទឹកដីអ៊ីតាលី
(បាល់ទាត់)៖ អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី ក្រុម Napoli សមាជិកលីគ Serie A របស់អ៊ីតាលី។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ នឹងត្រលប់មកធ្វើជាគ្រូបង្វឹកម្ដងទៀត បន្ទាប់ពីការសម្រាកពេញមួយឆ្នាំ ក្រោយក្លិប Tottenham Hotspur បណ្ដេញចេញកាលពីឆ្នាំមុន។ បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក លោក Antonio Conte បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ។

Conte បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីភាពរីកចម្រើននៃក្រុម និងក្លឹប។ ការប្តេជ្ញាចិត្តរបស់ខ្ញុំ រួមជាមួយនឹងបុគ្គលិករបស់ខ្ញុំផងដែរ។
បុរសវ័យ ៥៤ឆ្នាំ រូបនេះ មានបទពិសោធន៍យ៉ាងច្រើននៅក្នុងក្របខ័ណ្ឌ Serie A ដោយបានឈ្នះពានរង្វាន់លីកចំនួន៤ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមពស់ខៀវ Inter Milan និងសេះបង្កង់ Juventus ។ មិនតែប៉ុណ្ណោះ លោក Conte ក៏ធ្លាប់ជោគជ័យនៅអង់គ្លេស ជាមួយ Chelsea ផងដែរ ដោយដឹកនាំក្រុមរហស្សនាមតោខៀវមួយនេះ ឈ្នះពាន Premier League និង FA Cup ផងដែរ៕
