«សហគមន៍កសិកម្មទំនើបស្វាយចន្ទី» មួយទៀត ដែលមានផ្ទៃដីដាំដុះ ៤០០ហិកតា នៅខេត្តកំពង់ធំនឹងលេចរូបរាង
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា «សហគមន៍កសិកម្មទំនើបស្វាយចន្ទី»មួយទៀត ដែលមានផ្ទៃដីដាំដុះរួមគ្នាជាង ៤០០ហិកតា នឹងលេចរូបរាងឡើងនៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ឯកឧត្តម បន្ថែមថា បើរាប់បញ្ចូលទាំងនៅទំរីងមួយនេះទៀត កំពង់ធំនឹងមានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងពេលដំណាលគ្នាតែម្តង។
ឯកឧត្តម ថ្លែងថា៖«ដំបូងឡើយ នៅទីនេះមានតែកសិករម្នាក់ប៉ុណ្ណោះដែលចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ប៉ុន្តែបន្ទាប់ក្រុមការងារបានចុះផ្សព្វផ្សាយដល់ក្នុងឃុំ និងធ្វើការជាមួយគ្នាមិនតិចជាង៥លើករួចមក រហូតមកដល់ពេលនេះមានបងប្អូនអ្នកដាំស្វាយចន្ទីចំនួន៦៦គ្រួសារ រួចហើយ ដែលបានស្ម័គ្រចិត្តធ្វើការរួមគ្នា រួមទិញ រួមដាំ និងរួមលក់ ក្រោមការគ្រប់គ្រងដឹកនាំនៃដំបូលសហគមន៍តែមួយ»។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ ទម្រាំក្រុមការងារបញ្ចប់ការរៀបចំផែនការអាជីវកម្មរបស់សហគមន៍ ចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀត ហើយសហគមន៍នឹងបន្តប្រកាន់គោលការណ៍បើកចំហសម្រាប់ការសុំចូលរួមជាសមាជិក ពីកសិករដទៃទៀតផងដែរ។ រឹតតែធំ រឹតតែចំណេញ រឹតតែមានសេដ្ឋកិច្ចមាត្រដ្ឋាន ដែលនឹងធ្វើឱ្យថ្លៃដើមផលិតកាន់តែធ្លាក់ចុះ។
ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង ១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការបង្កើតសហគមន៍កសិកម្មឱ្យកាន់តែសកម្មបន្ថែមទៀត ដែលដើរតួនាទីជួយដល់កសិករ និងស្វែងរកទីផ្សារសម្រាប់នាំចេញ ជាពិសេសបង្កើនទំនុកចិត្តទីផ្សារកសិផល រវាងក្រុមផលិតនិងក្រុមប្រមូលទិញ ។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ បានប្រកាសត្រៀមកញ្ចប់ថវិកា ១០០លានដុល្លារ សម្រាប់ត្រៀមអន្តរាគមន៍លើកសិផល និងផលិត ផលកសិកម្មរបស់ប្រជាកសិករ ដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ នៅពេលផលិតផលទាំងនោះ ជួបបញ្ហាធ្លាក់ថ្លៃ និងបញ្ហាខ្វះទីផ្សារ ។
សម្តេចធិបតីបន្តថា កញ្ចប់ថវិកានេះ ក៏នឹងប្រើ ប្រាស់ក្នុងការងារចាំបាច់ ពាក់ព័ន្ធវិស័យកសិកម្មមួយចំនួនទៀត របស់រាជរដ្ឋាភិបាល ដូចជាជំរុញឱ្យមានការរៀបចំសហគមន៍កសិកម្ម ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករ ងាយស្រួលរកទីផ្សារក្នុងការនាំចេញ រៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ ជៀសវាងនាំឱ្យតម្លៃកសិផលធ្លាក់ចុះ ជាដើម ។
សម្តេចធិបតី សង្កត់ទៀតថា « ការដាក់ចេញនូវថវិកាដើម្បីជួយវិស័យកសិកម្ម ១០០ លានដុល្លារ ដើម្បីជួយធានាតម្លៃ អន្តរាគមន៍ អាទិភាពផលិតផល ផលិតកម្មអាទិភាពមួយចំនួន រួមជាមួយនឹងការរៀបចំនូវសហគមន៍កសិកម្មឱ្យដើរ រាល់ដៃគូមិនមែនតែរដ្ឋដាក់គោលការណ៍នោះទេ គឺត្រូវឱ្យកសិករខ្លួនឯងនោះមានការចូល រួម ហើយការរៀបចំជាសហគមន៍នេះសំខាន់ណាស់ ហើយខិតខំធ្វើយ៉ាងណាដើម្បីឱ្យប្រព័ន្ធសហគមន៍នោះដើរ ព្រោះយើងធ្វើឥឡូវឧទាហរណ៍ បើសិនជាយើងមានសហគមន៍ ឬក៏ប្រទេសណាមួយចង់ឱ្យយើងនាំស្វាយ១លានតោន ទៅយើងមានទីផ្សារហើយមានក្រុមហ៊ុនដែលអាចប្រមូលទិញ តែលទ្ធផលផលិតនិងការប្រមូលនោះទៅតាមគុណភាពស្តង់ដា បើយើងមិនគិតពីការផលិតគ្រប់គ្រាន់មិន កើតនោះទេ ហើយនៅក្នុងដំណាក់ កាលនេះ យើងមិនអាចឈានទៅរកកសិ-ឧស្សាហកម្ម ឱ្យដីសម្ប ទានរាប់ម៉ឺនហិកតា ដើម្បីយកទៅធ្វើកសិកម្មនោះទេ ដូច្នេះធ្វើយ៉ាងណាឱ្យសហគមន៍កសិកម្មនោះដើរ ដោយមានរៀបចំជាគោលគំនិតមួយចំនួនសម្រាប់អនុវត្ត រៀបចំយ៉ាងណាក៏រៀបចំទៅធ្វើយ៉ាងណាឱ្យតែដំណើរការ » ៕