សារព័ត៌មានល្បីៗ ចុះផ្សាយពីប្រទេសចិន រៀបចំពិធីព្យុះហយាត្រាយោធាដ៏ធំបំផុតរំលឹកខួប ៨០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី២

ប៉េកាំង ៖ សារព័ត៌មានល្បីៗនៅលើពិភពលោកទាំងនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី បានចុះផ្សាយព្រោងព្រាតពីប្រទេសចិនដែលបានរៀបចំពិធីព្យុះហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីប្រារព្វខួបទី ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះលើការបញ្ចប់សង្គ្រាមលោកលើកទី២ នៅមុខទីវាល ធៀនអានមិន ទីក្រុងប៉េកាំង នាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥។
សារព័ត៌មានទំាងនោះមាន CNBC, CNN, NPR, BCC, Channel News Asia, AP News, Reuters និត South China Morning Post ជាដើម ដែល បានរំលេចពីព័ត៌មាន និងរូបភាពនៃព្រឹត្តិការណ៍ដ៏ធំសម្បើម ព្រមទាំងដាក់ចំណងជើងផ្សេងៗគ្នា នៃការប្រារព្វខួបទី ៨០ ឆ្នាំថ្ងៃជ័យជម្នះលើការបញ្ចប់សង្គ្រាមលោកលើកទី២ នៅមុខទីវាល ធៀនអានមិននេះ ។
នៅក្នុងពិធីហែក្បួនព្យុះហយាត្រាយោធាដ៏មហស្ចារ្យនេះ មានទាំងកងទ័ពដើរជំហានត្រង់ កងយានយន្តពាសដែក និងយន្តហោះប្រយុទ្ធ ទំនើបបំផុត ដើម្បីបង្ហាញពីភាពអស្ចារ្យ និង ថាមពលយោធារបស់ចិននាសម័យសតវត្សទី ២១ នេះ ។
ក្នុងសុន្ទរកថារយៈពេលប្រមាណ ៧ នាទី លោកប្រធានាធិបតី ស៊ី ជិនភីង បានលើកឡើងថា មនុស្សជាតិកំពុងឈរនៅចំណុចប្រកែកគ្នាចំពោះការជ្រើសរើស «សន្តិភាព ឬសង្គ្រាម ការពិភាក្សា ឬការប៉ះទង្គិច ការទទួលបានរួម ឬការប្រជែងគ្នា»។
នៅចំពោះមុខប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមទាំងកងទ័ព លោក ស៊ី បាន លើកឡើងថា ចិននឹងបន្តឈរនៅ «ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» និងធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកសាងសន្តិសុខ និងអនាគតរួមសម្រាប់មនុស្សជាតិ។
អ្នកចូលរួមនៅក្នុងពិធីដ៏អធិកអធមនេះ គេឃើញមេដឹកនាំកំពូលពិភាពលោកជាច្រើន រួមមានលោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង មេដឹកនាំកូរ៉េខាងជើង គឺ លោក គីម ចុងអ៊ុន ដែលអង្គុយនៅជិត ជាមួយលោក ស៊ី ព្រមទាំងមេដឹកនាំផ្សេងទៀតដែលជាសម្ព័ន្ធមិត្តបស់របស់ចិន។
ជាមួយគ្នានោះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហ មុនី ព្រះមហាក្សកត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏មានព្រះវត្តមានចូលរួមផងដែរ។ ទោះយ៉ាងណា គេមិនបានឃើញមានវត្តមានមេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសលោកខាងលិចចូលរួមច្រើនទេ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន AP News, និង South China Morning Post រួមជាមួយនឹងសារព័ត៌មានផ្សេងទៀត បានរៀបរាប់ថា ប្រទេសចិនបានយកព្រឹត្តិការណ៍នៃការប្រារព្វខួបទី ៨០ ឆ្នាំថ្ងៃជ័យជម្នះលើការបញ្ចប់សង្គ្រាមលោកលើកទី២ នៅមុខទីវាល ធៀនអានមិននេះ បង្ហាញអាវុធទំនើបដូចជា មីស៊ីលល្បឿនលឿនជាសម្លេង, ដ្រូនល្បាត និងយានពាសដែកថ្មីៗ ជាច្រើនគ្រឿង ជាមួយនឹងកងទ័ពថ្មើជើងជាង ៤៥ កងពល និងអាកាសយានចម្រុះ ដែលតំណាងឲ្យការផ្លាស់ប្តូរទៅជាយោធាសម័យទំនើប។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនិយាយថា ពិធីដ៏មហាឡារិកនេះមិនត្រឹមតែជាការចងចាំសម្រាប់អតីតកាលប៉ុណ្ណោះនោះទេ ប៉ុន្តែជាការបង្ហាញការតស៊ូរបស់ចិនក្នុងការកសាងប្រព័ន្ធពិភពលោកថ្មី ដោយសហការជាមួយប្រទេសរុស្ស៊ី និងប្រទេសដែលមានមហិច្ឆតាស្រដៀងគ្នា។
ពិធីព្យុះហយាត្រាយោធានៅប៉េកាំងនាពេលនេះ មិនមែនគ្រាន់តែជាការចងចាំប្រវត្តិសាស្ត្រទេ ប៉ុន្តែជាការផ្ញើសារដ៏ខ្លាំងអំពី អត្តសញ្ញាណយោធា និងនយោបាយរបស់ចិន ក្នុងសតវត្សរ៍ទី២១ថា ចិនកំពុងកសាងរូបភាពជាអំណាច សន្តិភាព ប៉ុន្តែមានកម្លាំងការពារខ្លាំង ហើយការចូលរួមរបស់ពីសំណាក់ លោកពូទីន និងលោកគីម ជារូបសញ្ញានៃ bloc តប្រឆាំងលោកខាងលិច។
លើសពីនេះទៀត បានបង្ហាញថា អាស៊ាន រួមទាំងកម្ពុជាផងត្រូវត្រៀមទទួលយកសម្ពាធនយោបាយ និងឱកាស ពីការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងសតវត្សទី២១ នេះ ៕