អាជ្ញាធរជាតិព្រះវិហារទទួល កុលាលភាជន៍ ចំនួន ១ ពីប្រជាជន
ព្រះវិហារ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ លោកផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ និងលោកភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានទៅទទួលកុលាលភាជន៍ប្រភេទថូ ចំនួន១ ពីលោកម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលរស់នៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ថូនេះបានប្រទេះឃើញពេលលោកម៉ុក រ៉ាមី និងលោក វុធ វ៉ាជីកដីក្នុងបរិវេណលំនៅដ្ឋានរបស់ពួកគាត់ ដើម្បីយកមករក្សាទុក និងសិក្សាស្រាវជ្រាវបន្ត ក៏ដូចជាដាក់តាំងនៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។
ថូនេះ មានកម្ពស់៣១ ស.ម ទទឹង១៩ ស.ម មានស្រទាប់រលោងពណ៌ត្នោត ផលិតនៅសម័យអង្គរ។ អាជ្ញារធរជាតិព្រះវិហារកន្លងមកតែងតែ បានទទួលវត្ថុបុរាណពីបណ្តាអង្គភាពនានា និងបងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញ ហើយស្ម័គ្រចិត្តប្រគល់ជូនមកសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីថែរក្សា ជាបេតិកភណ្ឌរបស់ជាតិ។
អាជ្ញាធរជាតិព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម៉ុក រ៉ាមី និងលោក វុធ វ៉ា ដែលស្ម័គ្រចិត្តប្រគល់កុលាលភាជន៍នេះសម្រាប់ថែរក្សាទុកនៅក្នុងសារមន្ទី ធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ៕