Close

ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូជាមួយកម្ពុជា រយៈពេល ៥ឆ្នាំ ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូជាមួយកម្ពុជា រយៈពេល ៥ឆ្នាំ ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូជាមួយកម្ពុជា រយៈពេល ៥ឆ្នាំ ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ នេះ បាន ប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៤-២០២៨ ដើម្បី ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន ជំរុញការអភិវឌ្ឍមនុស្ស និងពង្រឹង ភាពធន់នឹងអាកាសធាតុ។

យុទ្ធ សាស្ត្រ ថ្មីនេះ មានសង្គតិភាពយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា មានគោលបំណងពង្រឹង ដំណើរឆ្ពោះទៅរកសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់នៅក្នុងប្រទេសកម្ពុជា។

យុទ្ធសាស្ត្រដ៏ទូលំទូលាយនេះ ក៏រួមបញ្ចូលផងដែរនូវអាទិភាពពហុផ្នែកមួយ ចំនួនដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន កែលម្អ សមភាព យេនឌ័រ លើកកម្ពស់ឌីជីថលភាវូបនីយកម្ម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងសមា ហរណកម្មក្នុងតំបន់។

លោក Scott Morris អនុប្រធាន ADB ប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក មានប្រសាសន៍ថា «បង្កើតឡើងដោយមានការពិភាក្សាយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធជាច្រើន យុទ្ធ សាស្ត្រប្រចាំ ប្រទេស ថ្មីរបស់ ADB នេះគឺជា កិច្ចសហការជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីវិបុលភាព ប្រជាជន និងភពផែនដី។ វាបង្ហាញពីជំហានថ្មីឆ្ពោះទៅរកកំណើន និងឱកាសក្នុងដំណើរអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាដែលមានបំណងកំណត់ប្រទេសនៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេស មាន ប្រាក់ចំណូលខ្ពស់ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ»។

លោក បន្ថែមថា យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើវិបុលភាព ដោយការពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាមួយការ ទទួល ស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកំណើនប្រកបដោយចីរភាព។ គន្លឹះនៃ វិធីសាស្រ្ត នេះគឺ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុនិងមានគុណភាពខ្ពស់ ដើម្បី ទាក់ ទាញការវិនិយោគពីវិស័យឯកជន និងបង្កើតបរិយាកាសធុរកិច្ចដែលផ្តល់អត្ថប្រយោជន៍ជា ពិសេស សម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ដោយដៅយកមនុស្សជាស្នូលនៃរបៀបវារៈនៃការអភិវឌ្ឍ យុទ្ធសាស្រ្តនេះមានគោលបំណងធានា នូវលទ្ធភាពទទួលបានសេវាកម្មប្រកបដោយគុណភាព និង តម្លៃសមរម្យ ដែលក្នុងនោះរួមមាន ការអប់រំ ការអភិវឌ្ឍជំនាញ ការថែទាំសុខភាព និងសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ។

ADB ក៏នឹងបង្កើនកិច្ចខិត ខំប្រឹងប្រែងក្នុងការលើកកម្ពស់ការផ្តល់សេវាឌីជីថលដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និង កែលម្អសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋដែលត្រូវការសេវានេះបំផុត ដើម្បីត្រួសត្រាយផ្លូវសម្រាប់ ការ លើក កម្ពស់ផលិតភាពសេដ្ឋកិច្ច។

ស្របតាមការប្តេជ្ញាចិត្តផ្នែកអាកាសធាតុរបស់ ADB និងរាជរដ្ឋាភិបាល យុទ្ធសាស្ត្រនេះមានគោល បំណងពង្រឹងភាពធន់នឹងអាកាសធាតុ តាមរយៈគំនិតផ្តួចផ្តើមសម្របខ្លួន ទៅនឹងអាកាសធាតុដែលផ្តោត លើវិស័យកសិកម្ម ប្រព័ន្ធអេកូឡូស៊ីនៃធនធានទឹក និង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង។ លើសពីនេះ វាផ្តល់ អាទិភាពដល់ការពង្រីកប្រភពថាមពលកកើតឡើងវិញ និង ការកៀងគរហិរញ្ញប្បទានអាកាសធាតុ សម្បទាន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកអនាគតបៃតង និងធន់ជាងមុនសម្រាប់កម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

អត្ថបទទាក់ទង