ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្តនៅខេត្តសៀមរាប ជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជា
សៀមរាប៖ ក្រុមអ្នកស្រលាញ់ម៉ូតូ និងរថយន្ត ជាច្រើននាក់បានជួបជុំគ្នានៅក្នុងបរិវេណ អតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ព្រលានយន្តហោះចាស់) ក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ជំនួបម៉ូតូនឹងយានយន្តលើកទី១ ដែលប្រារព្ធធ្វើឡើងរយៈពេល០៣ថ្ងៃនៅក្នុងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ ត្រូវបានមន្ត្រីក្រសួងទេសចរណ៍កម្ពុជាចាត់ទុកថា ជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា។
រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា នៅក្នុងពិធីបើកព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” នារាត្រីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាប៉ូលដ៏សំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន។

ឯកឧត្តម បានបន្ថែមថា ជាក់ស្តែងព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍”នាពេលនេះ វាបានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងអ្នកទេសចរបរទេស និងទេសចរក្នុងស្រុក។
ជាមួយគ្នានោះ អភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្រា ក៏បានលើកឡើងដែរថា ការផ្តួចផ្តើមរៀបចំ កម្មវិធី ជំនួបម៉ូតូនិងយាយន្ត(CAR and BIKE Festival) ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អ ដើម្បីជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាល នៃការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍ ។

លោកបន្តថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុដឹក បានដាក់ចេញនូវកម្មវិធី “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដើម្បីចូលរួមស្តារ និងលើក ស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។
លោក សង្កត់ទៀតថា បន្ថែមពីនេះខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដែលខេត្ត មានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។

បើតាម លោក សំកុល សុចិត្រា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា និងការរួមចំណែកគាំទ្រពី ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាម ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើឱ្យវិស័យ ទេសចរណ៍ខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ព្រឹត្តិការណ៍ ជំនួបម៉ូតូ និងយានយន្ត នឹងប្រារព្ធធ្វើឡើងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
លោកទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានឲ្យដឹងថា ក្រៅពីការទាក់ទាញអ្នកទេសចរ ការរៀបចំព្រឹត្តការណ៍នេះក៏មានគោលបំណងចង់ឲ្យអ្នកដែលស្រលាញ់យានយន្តឲ្យពួកគាត់ប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឲ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។
លោកថា “ការលេងយានយន្តនៅលើទីលានវាបានផ្តល់នូវកិត្តិយស ដូច្នេះយើងគួរធ្វើខ្លួនឲ្យក្លាយជាកីឡាករ” ៕






