Close

៥ ខែ កម្ពុជាចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៧ ដែលមានទឹកប្រាក់ ២ ៧០០លានដុល្លារអាមេរិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៥ ខែ កម្ពុជាចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៧ ដែលមានទឹកប្រាក់ ២ ៧០០លានដុល្លារអាមេរិក ៥ ខែ កម្ពុជាចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៧ ដែលមានទឹកប្រាក់ ២ ៧០០លានដុល្លារអាមេរិក

ភ្នំពេញ៖ រយៈពេលប្រាំខែគិតចាប់ពីខែមករា ដល់ខែឧសភា ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគដែលចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ១៤៧ម្រោង មានទឹកប្រាក់វិនិយោគសរុប ប្រមាណ ២ ៧០០លានដុល្លារអាមេរិក។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ។

ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករកូរ៉េ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីពេលកន្លងថ្មីកន្លងទៅនេះ(ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤) សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើលទ្ធផលនេះថា នេះគឺជាលទ្ធផលដែលបានមកពីការដើរទាក់ម៉ូយរបស់សម្ដេច និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ហើយលទ្ធផលនេះក៏មិនទាន់គិតចាប់តាំងពីការកកើតរាជរដ្ឋាភិបាលថ្មីក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នោះដែរ ពោលគឺគិតពីខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ ។

សម្ដេចធិបតីបានបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្នុងប្រទេសកូរ៉េ រយៈពេលប៉ុន្មានថ្ងៃនេះ ក៏បានជួបជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយឃើញថាកូរ៉េបានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម។ ដូច្នេះ នៅពេលខាងមុខនេះ កម្ពុជានឹងទទួលបានការវិនិយោគរបស់កូរ៉េបន្ថែមទៀត។

បើតាមឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទកាសែតលោកថា កម្ពុជាគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយផ្ដោតលើតែវិនិយោគិនកូរ៉េប៉ុណ្ណោះ។ ការបង្កើតតំបន់សេដ្ឋកិច្ចនេះ នឹងសម្រួលដល់ការវិនិយោគពីប្រទេសកូរ៉េមកកាន់កម្ពុជាបានច្រើន ហើយក៏អាចទាក់ទាញវិនិយោគិនពីបណ្តាប្រទេសដទៃចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ឯកឧត្តមបន្តថា ក្រៅពីតំបន់សេដ្ឋកិច្ចពិសេសនេះ កម្ពុជាក៏បានជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដោតលើវិនិយោគិនជប៉ុន និងវិនិយោគិនចិន ពោលគឺបង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្ដោតលើវិនិយោគិនមកពីប្រទេសមួយៗតែម្ដង ដែលនឹងធ្វើឱ្យវិនិយោគិនប្រទេសនោះ មានភាពងាយស្រួលជាងមុន ។

ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យឃើញថា រយៈពេលបួនខែកន្លងទៅនេះ មានគម្រោងវិនិយោគមួយចំនួនមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច ។ជាពិសេសគម្រោងវិនិយោគលើវិស័យឧស្សាហកម្មនិងមួយចំនួនទៀតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងនោះក៏ឃើញគម្រោងវិនិយោគធំមួយបានបន្ថែមទុនវិនិយោគរបស់ខ្លួនបន្ថែមទៀត គឺរោងចក្រផលិតសំបកកង់យានយន្តនៅខេត្តស្វាយរៀង ដែលគម្រោងនេះនឹងជួយផ្ដល់ឱកាសការងារជាច្រើននិងជួយរក្សាតម្លៃកៅស៊ូរបស់កម្ពុជាឱ្យមានស្ថិរភាពលើទីផ្សារផងដែរ៕

អត្ថបទទាក់ទង