ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ក្នុងខេត្តសៀមរាបនៅចុងសប្តាហ៍នេះ
សៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីទាក់ទាញ និងផ្សព្វផ្សាយវិស័យពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ខេត្តសៀមរាបនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការរៀបចំព្រឹត្តិការណ៍នេះ ។

កាតរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូ ទេសចរណ៍ Siem Reap Bike Week ក្នុងខេត្តសៀមរាបនេះ ក្រសួងទេសចរណ៍បានសហការជាមួយអង្គការសប្បុរសធម៌ហ្វិចឆឺរ៉ាល់ ក្រុមហ៊ុន Clip RV Media និងSalakamreuk Commune រៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ដែលប្រមូលផ្តុំម៉ូតូល្បីៗដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណអាកាសយានដ្ឋានចាស់ ខេត្តសៀមរាប អមជាមួយនឹងសកម្មភាពដូចជា ការប្រគុំតន្ត្រី ស្តង់អាហារ និងកម្មវិធីផ្សេងៗជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ ជាឱកាសដ៏ល្អក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” និងជាការជំរុញទេសចរណ៍ ក្នុងស្រុកក៏ដូចជារួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួង ទេសចរណ៍៕


