កម្ពុជាគ្រោងនាំយកល្បែងប្រជាប្រិយ «វាលខែល» របស់ជនជាតិភាគតិចកួយនៅខេត្តស្ទឹងត្រែងមកសម្តែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនៅចុងឆ្នាំនេះ
ស្ទឹងត្រែង៖ ប្រទេសកម្ពុជា គ្រោងនាំយកល្បែងប្រជាប្រិយវាលខែលរបស់បងប្អូនជនជាតិភាគតិចកួយនៅក្នុងខេត្តស្ទឹងត្រែង មកសម្តែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ នាថ្ងៃទី១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលមានប្រទេសជាង ២០ មកចូលរួមសម្តែងនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ រៀបចំ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មការជាតិអូ ឡាំពិក និងជាប្រធានក្រុមអ្នកស្រាវជ្រាវក្បាច់គុនបុរាណខ្មែរ ក្នុងឱកាសចុះស្វែងរកក្រុមល្បែងប្រជាប្រិយរបស់ជនជាតិភាគតិចកួយ គឺល្បែងវាយខែលនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាថា នឹងជីកគាស់កកាយល្បែងប្រជាប្រិយ«វាយខែល»ប្រចាំនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ឲ្យរស់រានឡើងវិញ ដើម្បីបង្ហាញជាតិ និងអន្តរជាតិ ។
លោក សេង ប៊ុនសុង បានថ្លែងថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះល្បែងប្រជាប្រិយខ្មែរ ដែលបានបាត់បង់ក្នុងសម័យប៉ុលពត ត្រូវគាស់កកាយយកមកសម្តែងឡើងវិញដើម្បីដល់ពិភពលោកឲ្យបានស្គាល់នូវរតនសម្បតិរបស់ជាតិយើង។
ជាមួយគ្នានេះ លោក ថាយ អ៊ី អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ល្បែងវាលខែលនេះ ជាល្បែងប្រជាប្រិយរបស់ជនជាតិកួយនៅក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ តែប៉ុណ្ណោះ ហើយវាត្រូវបានបាត់ទៅវិញនៅក្នុងសម័យប៉ុលពត ។
លោកបន្តថា ក្រោយមកល្បែងវាយខែលនេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងស្រាវជ្រាវយកមកសម្តែងឡើងវិញនៅក្នុងកម្មវិធីបុណ្យព្រះគោតែប៉ុណ្ណោះ ដែលបុណ្យព្រះគោត្រូវបានប្រជាជននៅស្រុកថាឡាបរិវ៉ាត់មានជំនឿ ហើយនាំគ្នាធ្វើជារៀងរាល់ឆ្នាំមិនដែលខាន ។
លោក ថាយ អ៊ី បន្តឲ្យដឹងថា បច្ចុប្បន្នឧបករណ៍សម្រាប់ល្បែងខែលត្រូវបានខ្វះខាតមួយចំនួន ដោយនៅសល់តែស្គរ ខែល រំពាត់ និងខែល។ ចំណែកមន្តអាគមគាថាផ្សេងៗ ត្រូវបានបាត់រលត់ខ្លះៗ ដោយសារចាស់ៗបានទទួលមរណភាពអស់ទៅហើយ។
លោក ថាយ អ៊ី បានថ្លែងដោយមោទនភាពផងដែរ ចំពោះល្បែងប្រជាប្រិយវាយខែលមួយប្រភេទនេះ ត្រូវបានអភិរក្សឡើងវិញ ជាពិសេសជាមរតកវប្បធម៌របស់បងប្អូនជនជាតិកួយទៅថ្ងៃមុខ សម្រាប់មនុស្សជំនាន់ក្រោយ៕