អ៊ីស្រាអែល វាយលុកចូលកាន់តែជ្រៅទៅក្នុងទីក្រុង Rafah
បរទេស៖ កងកម្លាំងអ៊ីស្រាអែលបានវាយលុកចូលកាន់តែជ្រៅទៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Rafah ខណៈ មានជនប៉ាឡេស្ទីនរ៉ាប់ម៉ឺននាក់ដែលជាជនភៀសខ្លួន បានសម្រុកចាកចេញពីទីនោះ កាលពីថ្ងៃអាទិត្យ។
ជាមួយគ្នានោះ អ៊ីស្រាអែលក៏បានវាយលុកនៅតំបន់ភាគខាងជើងដែលជាទីតាំងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់មួយចំនួនបានប្រមូលផ្តុំគ្នាឡើងវិញ។ Rafah ត្រូវបានគេចាត់ទុកថាជាបន្ទាយចុងក្រោយរបស់ក្រុម Hamas។
ជនស៊ីវិលប្រហែល ៣០០,០០០ នាក់ក្នុងចំណោមជនស៊ីវិលជាង ១ លាននាក់ដែលជ្រកកោននៅទីនោះបានភៀសខ្លួនចេញពីទីក្រុងនេះ បន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសខ្លួនពីអ៊ីស្រាអែល ។
អ៊ីស្រាអែលនិយាយថា ខ្លួនត្រូវតែកម្ទេចក្រុមហាម៉ាស់ និងឱ្យប្រគល់ចំណាប់ខ្មាំងជាច្រើននាក់ដែលត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែលក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាម មកឱ្យខ្លួនវិញ។
ប្រទេសជិតខាង ដូចជាអេហ្ស៊ីបបានចេញការជំទាស់យ៉ាងខ្លាំងបំផុតរបស់ខ្លួនចំពោះការវាយលុកនៅក្នុងទីក្រុង Rafah ដោយនិយាយថាខ្លួនមានបំណងចូលរួមជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដើម្បី ដាក់ពាក្យបណ្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីចោទប្រកាន់អ៊ីស្រាអែលពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។ តែយ៉ាងណា ការចោទប្រកាន់នេះ ត្រូវបាន អ៊ីស្រាអែលបដិសេធ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអីស៊ីប បានលើកឡើងពី «ភាពធ្ងន់ធ្ងរកាន់តែអាក្រក់ និងវិសាលភាពនៃការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន»៕