Close

អាណិតណាស់! សត្វដំរី ១ក្បាល ដែលជាប់ភក់ក្នុងសភាពធ្ងន់ធ្ងរនៅទីតាំងមួយកន្លែងនៃខេត្តមណ្ឌលគិរី បានស្លាប់ហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាណិតណាស់! សត្វដំរី ១ក្បាល ដែលជាប់ភក់ក្នុងសភាពធ្ងន់ធ្ងរនៅទីតាំងមួយកន្លែងនៃខេត្តមណ្ឌលគិរី បានស្លាប់ហើយ អាណិតណាស់! សត្វដំរី ១ក្បាល ដែលជាប់ភក់ក្នុងសភាពធ្ងន់ធ្ងរនៅទីតាំងមួយកន្លែងនៃខេត្តមណ្ឌលគិរី បានស្លាប់ហើយ

មណ្ឌលគិរី ៖ សត្វដំរីមួយក្បាល ដែលជាប់ភក់ក្នុងសភាពធ្ងន់ធ្ងរស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចលឹមរ៉ូយ៉ាល់ ក្នុងភូមិជីក្លប់ ឃុំសុសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីចុងខែមេសា ឆ្នាំ ២០២៤កន្លងមកនេះ ត្រូវបានគេរាយកាយការណ៍ថា បានស្លាប់ហើយកាលពីវេលាម៉ោង ៥ព្រឹកមិញនេះ ។

សារព័ត៌មានកោះសន្តិភាព បានចុះផ្សាយ ក្រោយខិតខំព្យាបាលសត្វដំរីព្រៃដែលជាប់ផុងភក់អស់ពេលមួយសប្តាហ៍ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ តាម ដំណឹងចុងក្រោយ បាន ឱ្យ ដឹងថា សត្វដំរីញី១ក្បាលនេះបានបាត់បង់ជីវិតហើយកាលពីវេលាម៉ោង៥ព្រឹកមិញ ។

បើតាមសារព័ត៌មាននេះទទួលបានព័ត៌មានពីមន្ត្រីជំនាញបញ្ជាក់ថា « មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង ៣៨នាទីព្រឹក»។

គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញីមួយក្បាលបានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់ កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤។
ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញីមួយក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេលបីថ្ងៃនៅកន្លែងកើតហេតុ។

ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញីមួយក្បាលនេះមកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។ ដោយសុខភាព សត្វដំរីព្រៃញីមួយក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។

បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត នៅវេលាម៉ោង២រសៀលនាថ្ងៃទី១០នេះ ក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

អត្ថបទទាក់ទង