កម្ពុជា ស្នើឱ្យ កាតា បើកស្ថានទូតផ្ទាល់ និងតភ្ជាប់ជើងហោះហើរឡើងវិញ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាស្នើឱ្យប្រទេសកាតាដែលជាប្រទេសមានលុយច្រើន បើកស្ថានទូតផ្ទាល់នៅកម្ពុជា និងតភ្ជាប់ជើងហោះហើរត្រង់ (កម្ពុជា-កាតា) ឡើងវិញ ដើម្បីជំរុញកំណើនវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្ម។
សម្ដេចតេជោ ហ៊ុន សែន ស្នើបែបនេះ នៅ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលសម្តេច អនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសដ្ឋាននៅក្រៅប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល។

នាឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ថា កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជាប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង សម្តេចតេជោ បានរំលឹកថា នៅពេលសម្ដេចនៅជា នាយករដ្ឋមន្ត្រី សម្តេច ពុំមានពេលគ្រប់គ្រាន់ទទួលទូតដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។
សម្ដេចតេជោបានរំឭកថា នៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា។
ត្រង់ចំណុចនេះ ជាការឆ្លើយតប ឯកអគ្គរាជទូតកាតា សង្ឃឹមថាកាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។
ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជាជាម្ចាស់ផ្ទះនៃប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។
ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ ឯកឧត្ដម បានរំឭកថាមូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បី គាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឲ្យមានដំណើរការឡើងវិញ។
ឯកឧត្ដម សន្យាថានឹងខិតខំប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបានលើកឡើងថាគាត់កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។
សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ ។ សម្ដេចតេជោ ជម្រុញអោយពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១)ធ្វើយ៉ាងណាអោយវិនិយោគិនមានទំនុកចិត្តគឺត្រូវអោយមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២)អោយមានកិច្ចព្រមព្រៀងមិនមានពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត។ ក្នុងឪកាសនេះដែរ សម្ដេចតេជោ ក៏បានធ្វើការសំណេះសំណាលគ្នាអំពីស្ថានភាព នៅមជ្ឈឹមបូព៌ាផងដែរ៕