Close

ត្រៀមជិះបងប្អូន! ក្រុមហ៊ុន Royal Railway នឹងដាក់ឱ្យដំណើការរថភ្លើងល្បឿនលឿនមួយទឹកពីជប៉ុនចំនួន ១១គ្រឿង នៅពេលឆាប់ៗនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ត្រៀមជិះបងប្អូន! ក្រុមហ៊ុន Royal Railway នឹងដាក់ឱ្យដំណើការរថភ្លើងល្បឿនលឿនមួយទឹកពីជប៉ុនចំនួន ១១គ្រឿង នៅពេលឆាប់ៗនេះ ត្រៀមជិះបងប្អូន! ក្រុមហ៊ុន Royal Railway នឹងដាក់ឱ្យដំណើការរថភ្លើងល្បឿនលឿនមួយទឹកពីជប៉ុនចំនួន ១១គ្រឿង នៅពេលឆាប់ៗនេះ

ភ្នំពេញ៖ ក្រុមហ៊ុន ROYAL RAILWAY CAMBODIA ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង នឹងដាក់ឱ្យដំណើការជាផ្លូវការនូវ ក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ដែលបានបញ្ជាទិញពីប្រទេសជប៉ុន នៅពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីក្បាលរថភ្លើងនេះត្រូវបានដឹកជញ្ជូនតាមកាប៉ាល់មកដល់ប្រទេសកម្ពុជា។

ទំព័រហ្វេសប៊ុកក្រុមហ៊ុន Royal Railway Cambodia បានសរសេរថា ៖«សមាជិកថ្មីយើងនឹងចេញបម្រើជូនបងប្អូនឆាប់ៗនេះ។ បច្ចុប្បន្នកំពុងស្ថិតក្នុងការជួសជុល និងកែលម្អបន្ថែម»។

រថភ្លើងដឹកអ្នកល្បឿនលឿនចំនួន ១១គ្រឿងដែលទិញមកពីជប៉ុននេះ ជាប្រភេទ Kiha 183 Heavy Snow បានចាកចេញពីនៅកំពង់ផែ Hakodate តំបន់ហុកកៃដូ នៃប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មកដល់កំពង់ផែព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ទូរថភ្លើងទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុ និងផ្តល់ជូននូវការធ្វើដំណើរយ៉ាងរលូន ប្រកបដោយផាសុកភាពជាមួយនឹងល្បឿនអតិបរមា១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការនាំចូលនៃទូរថភ្លើងថ្មីនេះបានបញ្ជាក់ឱ្យឃើញពីការវិនិយោគដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់ អភិវឌ្ឍបន្ថែម ព្រមទាំងបង្កើនភាពងាយស្រួលដល់អតិថិជនទាំងអស់ដែលប្រើប្រាស់សេវាកម្មរថភ្លើងនៅកម្ពុជា។

លោក John Guiry នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Railway បានថ្លែងថា ‌”យើងរីករាយក្នុងការស្វាគមន៍សមាជិកថ្មី គឺទូរថភ្លើង Kiha 183 Heavy Snow នេះមកកាន់កម្ពុជា។ ការនាំចូលនៃសមាជិកទូរថភ្លើងថ្មីនេះ គឺជាការបញ្ជាក់ឱ្យឃើញមួយពីការយកចិត្តទុកដាក់់របស់យើង ក្នុងការផ្តល់ជូនអតិថិជនដែលធ្វើដំណើរតាមរថភ្លើងទាំងអស់ ឱ្យទទួលបាននូវបទពិសោធន៍ក្នុងការធ្វើដំណើរប្រកបដោយ សុវត្ថិភាព គួរឱ្យទុកចិត្ត ដោយភាពសប្បាយរីករាយ ព្រមទាំងទទួលបាននូវផាសុកភាពកំឡុងពេលធ្វើដំណើរ។

ទូរថភ្លើងដែលយើងនាំចូលមកនេះគឺអាចហៅបានថាជារថភ្លើងបែប Limited Express នៅប្រទេសជប៉ុន ដែលវាមានលក្ខណៈពិសេសត្រូវបានរចនាឡើង ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកដំណើរ រួមមានទាំងកន្លែងអង្គុយប្រកបដោយផាសុកភាព ល្បឿននៃការធ្វើដំណើរលឿនជាងមុន ទំនើបជាងមុន ព្រមទាំងផ្តោតលើប្រព័ន្ធសុវត្ថិភាពល្អជាងមុនផងដែរ”។

ការមកដល់នៃទូរភ្លើងទាំងនេះបានបង្ហាញពីការអភិវឌ្ឍន៍មួយសម្រាប់ក្រុមហ៊ុន Royal Railway និងវិស័យផ្លូវដែកនៅកម្ពុជា។ ការអភិវឌ្ឍថ្មីនេះនឹងនាំអោយក្រុមហ៊ុនមានសក្តានុពលក្នុងការបង្កើតបន្ថែមនៃខ្សែផ្លូវដែកតភ្ជាប់ទៅខេត្តផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឆ្លើយយបទៅនឹងតម្រូវការនៃអតិថិជន សម្រាប់ការធ្វើដំណើរតាមរថភ្លើងក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Royal Railway មានការជឿជាក់ថាការបន្ថែមនៃទូរថភ្លើងថ្មីនេះ នឹងដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការមធ្យោបាយធ្វើដំណើរតាមផ្លូវដែក ឱ្យទទួលបាននូវសុវត្ថិភាព ភាពងាយស្រួល និងផាសុកភាពក្នុងការធ្វើដំណើរទៅកាន់តំបន់ ឬខេត្តនានាក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង