ការផ្សព្វផ្សាយព័ត៌មានពិតពីសមិទ្ធផលរបស់រដ្ឋាភិបាលតាមបណ្តាញសង្គមបានចូលរួមចំណែកការពារសមិទ្ធផលទាំងនោះឱ្យបានគង់វង់
បច្ចុប្បន្ននេះ ការបញ្ជូនដំណឹង និងផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្តាញសង្គម (Facebook) បាន និងកំពុងមានភាពទូលំទូលាយ ប៉ុន្តែអ្វីជាភាពប្រឈមគួរឱ្យព្រួយបារម្ភគឺមានព័ត៌មានមួយចំនួនក្លែងក្លាយ ដែលបានបំភាន់មតិសាធារណជនឱ្យបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេសដែលជាការខិតខំប្រឹងប្រែងដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងការងារចង់ឱ្យអ្នកលេងបណ្តាញសង្គមត្រូវផ្សព្វផ្សាយនូវព័ត៌មានពិតទាក់ទងនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យសាធារណមតិទាំងក្នុង និងក្រៅប្រទេសបានយល់ដឹង និងចូលរួមចំណែកក្នុងកិច្ចការពារសមិទ្ធផលអស់ទាំងនេះឱ្យស្ថិតស្ថេរយូរអង្វែង។
ការលើកឡើងបែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលមានសិក្ខាកាមចូលរួមចំនួន ៥៧០នាក់ មកពី ១៤ សហភាពសហជីព។
បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គម ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលនានា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនោះ សិក្ខាកាមក៏ចេះប្រើប្រាស់ហេ្វសប៊ុកជាមធ្យោបាយដើម្បីវាយបក ឬបកស្រាយបំភ្លឺសាធារណៈមតិរាល់ព័ត៌មានញុះញង់ បំផុសបំផុល ប្រជាភិថុតិ ឬបំភ្លៃការពិតនៅតាមបណ្តាញ Facebook និងបណ្តាញសង្គមផ្សេងទៀតឱ្យបានទាន់ពេលវេលា។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានលើកឡើងផងថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញលើការប្រើប្រព័ន្ធបច្ចេកវិទ្យាដើម្បីជំរុញល្បឿនការងារឱ្យបានលឿនទាន់ពេលវេលា កាត់បន្ថយការចំណាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាឱ្យបានដល់ដៃសាធារណជនក្នុង និងក្រៅប្រទេស។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ សំដៅធ្វើឱ្យប្រជាជន ជាពិសេសយុវជនទាំងអស់ទទួលបាននូវការសិក្សាបច្ចេកវិទ្យា ការអប់រំប្រកបដោយគុណភាព និងសមត្ថភាព ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដ៏មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាញសង្គមហ្វេសប៊ុក ជាយន្តការដ៏សំខាន់មួយក្នុងការធ្វើការ និងទទួល និងដោះស្រាយនូវសំណូមពរ ឬបញ្ហានានា ដោយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវតែមានផេករបស់ខ្លួន ដើម្បីទទួលព័ត៌មាន និងដោះស្រាយនូវរាល់កង្វល់នានារបស់ប្រជាពលរដ្ឋ។
គួរជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងឱ្យសិក្ខាកាមបានយល់ដឹងអំពីបច្ចេកទេសនៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ការថត ការកាត់តរូបភាពតាមទូរស័ព្ទ និងរបៀបបង្កើត Tiktok, ការជ្រើសរើសរូបភាព និងព័ត៌មានក្នុងការផ្សព្វផ្សាយ, ការចុះបដិសេដ ឬគាំទ្រលើព្រឹត្តិការណ៍ ឬព័ត៌មាននានា, ការផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល សកម្មភាពរបស់ថ្នាក់ដឹកនាំ ផលប្រយោជន៍នានាដល់បងប្អូនកម្មករនិយោជិត និងសាធារណជន, ការបែងចែកព័ត៌មានដែលផ្ទុយពីការពិត ទៅនឹងព័ត៌មានពិត ដែលគួរជឿនិងមិនគួរជឿ, ការរៀបចំខ្លឹមសារសរសេរ និងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញ ប្រកបដោយប្រសិទ្ធភាព៕