អ៊ីរ៉ង់នឹងឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរ បើសិនអ៊ីស្រាអែល ហ៊ានធ្វើកំហុសមួយផ្សេងទៀត
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃចន្ទបានព្រមានថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតបឱ្យកាន់តែធ្ងន់ធ្ងរជាងលើកមុន ប្រសិនបើអ៊ីស្រាអែលធ្វើកំហុសមួយផ្សេងទៀត។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានី Tehran លោក Nasser Kanaani បានសង្កត់ធ្ងន់ថាការប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែមេសា លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។
លោក Kanaani បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ។

លោកបាននិយាយថា ទីក្រុងតេអេរ៉ង់បានចាត់ទុកថា ប្រតិបត្តិការសងសឹករបស់ខ្លួនបានបញ្ចប់ និងសម្រេចទៅតាមគោលបំណង ប៉ុន្តែ “ប្រសិនបើអ៊ីស្រាអែលធ្វើខុសមួយផ្សេងទៀត ការឆ្លើយតបរបស់អ៊ីរ៉ង់នឹងកាន់ធ្ងន់ធ្ងរ ជាងមុនថែមទៀត ។
ចំពោះស្នូរគ្រាប់ផ្ទុះ ដែលបានកើតឡើងនៅថ្ងៃសុក្រ សប្តាហ៍មុន នៅជិតទីក្រុង Isfahan របស់អ៊ីរ៉ង់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លោក Kanaani បានថ្កោលទោសចំពោះការវាយប្រហារនេះថាជា “ការខឹងសម្បារ និងព្យាបាទ” របស់អ៊ីស្រាអែល។
នៅពេលសួរចំពោះ វិធានការតបត របស់អ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ លោក Kanaani បាននិយាយថា វិធានការចាំបាច់ត្រូវបានធ្វើវិញ តែមិនទាន់សម្រេចចិត្តបែបណានៅឡើយទេ៕
