សូមអបអរសាទរ! កញ្ញា ដាណិច ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីជួយជ្រោមជ្រែងក្នុងគម្រោងតែងនិពន្ធភាពយន្តនៅបារាំង

ភ្នំពេញ៖ សូមអបអរសាទរសមិទ្ធិករ សាន ដាណិច ដែល ជាអ្នកនិពន្ធភាពយន្តវ័យក្មេងរបស់កម្ពុជា ត្រូវបានមហោស្រពភាពយន្តទីក្រុងកាន របស់ប្រទេសបារាំងជ្រើសរើសសម្រាប់កម្មវិធីជួយជ្រោមជ្រែងក្នុងគម្រោងភាពយន្តរបស់នាងនៅក្នុងប្រទេសបារាំង។
បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានការគាំទ្រពីក្រុមបារាំង កញ្ញាដាណិចនឹងទៅ និងស្នាក់នៅទីក្រុងប៉ារីស៍រហូតដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីបំពេញការងារលើការតែងនិពន្ធ និងការថតភាពយន្តខ្នាតវែងដំបូងរបស់នាងដែលមានចំណងជើងថា « To Leave, To Stay »។
ប្រភពដដែលបន្ថែមថា ដូចសមិទ្ធិករវ័យក្មេងអន្តរជាតិ៥នាក់ផ្សេងទៀតដែរ កញ្ញាដាណិចនឹងទទួលបានការជួយជ្រោមជ្រែងទាក់ទងនឹងសាច់រឿង ហើយនឹងជួបជាមួយសមិទ្ធិករនានា អ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត ក៏ដូចជាតំណាងស្ថាប័នភាពយន្ត។
ជាសមិទ្ធិករ និងជាអ្នកបំពេញការងារដោយសហការជាមួយក្រុមហ៊ុនភាពយន្ត Anti-Archive ចាប់តាំងពីឆ្នាំ២០១៥ ដាណិចទទួលបានពានរង្វាន់ចំពោះខ្សែភាពយន្តខ្នាតខ្លីរបស់នាងចំនួនពីរគឺ«មួយលានឆ្នាំ» ដែលចេញកាលពីឆ្នាំ២០១៨ និង «ថ្ងៃរះក្នុងចិត្ត» កាលពីឆ្នាំ២០២០៕
