មិនទុកយូ អ៊ីស្រាអែលបាញ់មីស៊ីលទៅកាន់ប្រទេសអ៊ីរ៉ង់វីញ
បរទេស៖ ប្រទេសអ៊ីស្រាអែលបានបាញ់មីស៊ីលទៅកាន់ប្រទេសអឺរ៉ង់ បានធ្វើ ឱ្យផ្ទុះឡើងនៅទីក្រុង Isfahan។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិក ABC News ដែលស្រង់បានស្រង់សំដីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក សុំមិនបញ្ចេញឈ្មោះ ។
ជាមួយគ្នានេះ ទូរទស្សន៍របស់ប្រទេសអីរ៉ងបានរាយការណ៍ពីស្នូរផ្ទុះឡើងនៅទីក្រុង Isfahan ខណៈដែលការការពារដែនអាកាសត្រូវបានបើក ហើយការហោះហើរឆ្លងកាត់តំបន់ជាច្រើនរួមទាំងទីក្រុង Tehran និង Isfahan ត្រូវបានផ្អាក។
ទោះជាយ៉ាងណា មិនមានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់និងរបួសនោះទេ។ ហើយក៏មិនមានការឆ្លើយតបជាផ្លូវការពីប្រទេសអ៊ីរ៉ង់ដែរ។
ប្រទេសអ៊ីស្រាអែលបានសន្យាថានឹងឆ្លើយតបវិញ បន្ទាប់ពីអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលមកលើប្រទេសនេះ បន្ទាប់ពីមានការសង្ស័យថា អ៊ីស្រាអែលបានវាយប្រហារទៅលើបរិវេណស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាសដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់។

ជាមួយគ្នានោះដែរ ក៏មានសេចក្តីរាយការណ៍ អំពីការផ្ទុះគ្រាប់នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ផងដែរ។ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួនបានអំពាវនាវដល់អ៊ីស្រាអែលកុំឲ្យឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីរ៉ង់។
ទីក្រុង Isfahan ត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏សំខាន់មួយដែលមានយុទ្ធសាស្ត្រ និងជាកន្លែងដែលជាកន្លែងសំខាន់មួយចំនួនរួមទាំងកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍យោធា ព្រមទាំងមូលដ្ឋានទ័ពផងដែរ។ រីឯទីក្រុង Natanz ដែលនៅជិតនោះគឺជាទីតាំងនៃកន្លែងចម្រាញ់នុយក្លេអ៊ែរមួយរបស់ប្រទេសអ៊ីរ៉ង់។
ជើងហោះហើរពាណិជ្ជកម្មបានចាប់ផ្តើមបង្វែរផ្លូវរបស់ពួកគេនៅព្រឹកថ្ងៃសុក្រលើភាគខាងលិចប្រទេសអ៊ីរ៉ង់ដោយគ្មានការពន្យល់ ខណៈដែលទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការនៅក្នុងប្រទេសអ៊ីរ៉ង់បាននិយាយថាមាន “ការផ្ទុះ” បានឮនៅលើទីក្រុង Isfahan ៕
