Close

ទេសចរជាង ២១ លាននាក់ ដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទេសចរជាង ២១ លាននាក់ ដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទេសចរជាង ២១ លាននាក់ ដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ និង ទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។ នេះ បើតាមប្រភពពីមន្ទីរទេសចរណ៍រាជធាំនីខេត្ត។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់ ០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។

ក្រៅពីនេះ គ្រប់រាជធានី ខេត្តមានការរៀបចំសង្រ្កានឆ្នាំថ្មី ដែលព្រឹត្តិការណ៍មួយពិតជាមានការទាក់ទាញដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងចំណោមប្រជាពលរដ្ឋដែលបានដើរលេងកម្សាន្តក្នុងខេត្តខាងលើមានតែប្រមាណ ៣០% ប៉ុណ្ណោះដែលបានស្នាក់នៅលើសពីមួយយប់ឡើងទៅ

ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានថ្លែងថា ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្ត « សង្ក្រាន្ត » ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ។

សម្តេចតេជោ បន្ថែមថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និង មានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់៕

អត្ថបទទាក់ទង