Close

ADB៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.0% នៅឆ្នាំ ២០២៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ADB៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.0% នៅឆ្នាំ ២០២៥ ADB៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងកម្រិត ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.0% នៅឆ្នាំ ២០២៥

ភ្នំពេញ៖ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងក្នុងកម្រិត ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.0% នៅឆ្នាំ ២០២៥ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និង វិស័យផលិតកម្មកម្មន្តសាលដ៏រឹងមាំ។ នេះបើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយនៅថ្ងៃនេះ។

នៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានឱ្យដឹងថា «ទោះបី ជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣ ។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,០% ក្នុងឆ្នាំ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែល វិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេច បាន។

របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤- ២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១% នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្ល ថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២,០% នៅក្នុងពេល២ឆ្នាំខាងមុខ នេះ។

រាជរដ្ឋាភិបាលគ្រោងអនុវត្តការពង្រឹងការគ្រប់គ្រងថវិកា(fiscal consolidation)ជាបណ្តើរៗចាប់ពីឆ្នាំ ២០២៤ ដើម្បីស្តារឡើងវិញនូវទុនបម្រុងដែលបានស្រុកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃ ថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។ «បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញ ដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី Jyotsana Varma។

របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុត ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០២៧ បានកត់សម្គាល់ ការឆ្លងផុតនេះនឹងធ្វើអោយប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាក អន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែនាពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាននិងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់។

របាយការណ៍នេះបានសង្កត់ធ្ងន់ ដើម្បីឆ្លងផុតការផ្លាស់ប្ដូរនេះប្រកបដោយប្រសិទ្ធភាព លើសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក ការធ្វើពិពិធកម្ម ទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក។
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

អត្ថបទទាក់ទង