Close

ក្រសួងអបរំកម្ពុជា និតទីម័រ ចុះ MOU បង្កើតកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងអបរំកម្ពុជា និតទីម័រ ចុះ MOU បង្កើតកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ ក្រសួងអបរំកម្ពុជា និតទីម័រ ចុះ MOU បង្កើតកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្ដម JOSÉ HONÓRIO DA COSTA PEREIRA JERÓNIMO រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៅថ្ងៃទី0៩ ខែមេសា ឆ្នាំ២០២៤ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)បង្កើត កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ” រវាងស្ថាប័នទាំងពីរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៃប្រទេសទីម័រខាងកើត បានសម្តែងក្តីរំភើបរីករាយដែលបានមកដល់ប្រទេសកម្ពុជា និងចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលនេះជាការបោះជំហានថ្មីមួយទៀតក្នុងភាពជាដៃគូលើវិស័យអប់រំរវាងប្រទេសទាំងពីរ ក៏ដូចជាថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រប្រទេសទីម័រខាងកើត ឱ្យក្លាយជាប្រទេសសមាជិកអាស៊ាន និងជួយឧបត្ថម្ភថ្នាំសង្កូវដល់ទីម័រខាងកើតក្នុងវិបត្តិកូវីដ-១៩ ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ឱ្យកាន់តែរីកចម្រើន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបទពិសោធន៍ និងការចល័តរបស់សិស្ស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកសិក្សា ការបោះពុម្ពផ្សាយការសិក្សាស្រាវជ្រាវក្នុងវិស័យអប់រំ ការទទួលស្គាល់សញ្ញាបត្រគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍ទ្វេភាគី ក៏ដូចជាការស្រាវជ្រាវរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា ក្នុងគោលដៅគាំទ្រដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នានេះពិតជាឆ្លើយតបយ៉ាងប្រសើរទៅនឹង ផែនការយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលកំណត់យកការអភិវឌ្ឍន៍មូលធនមនុស្សជាការងារអាទិភាព ។

បើតាម ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំ បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្ដោតលើ ការលើកកម្ពស់គុណភាពនៃការរៀន និងបង្រៀននៅគ្រប់កម្រិត ការបញ្ចូលចំណេះជំនាញសតវត្សទី ២១ ចំណេះដឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមិនឈប់ឈរ ដូចជា AI និងមនុស្សយន្ត ការតភ្ជាប់ជាសកល នូវសមត្ថភាពដោះស្រាយបញ្ហា ប្រសិទ្ធភាព ភាពងាយស្រួល និង ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃឧស្សាហកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារនាពេលអនាគត ឈានទៅសម្រេចគោលដៅចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០៕

អត្ថបទទាក់ទង