ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នើឱ្យកងកម្លាំងត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើដល់កម្លាំងនគរបាលជាតិទាំងអស់ឲ្យមានការទទួលខុសត្រូវខ្ពស់ទៅលើការបែងចែកវេនប្រចាំការ ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងត្រៀមជួយសង្រ្គោះរាល់ហេតុការណ៍ដែលកើតឡើងជាយថាហេតុក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងមកដល់ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើបែបនេះ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៣អង្គភាព រួមមាន ៖ នាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការនគរបាលជាតិ ត្រូវតែមានកម្លាំងប្រចាំការ២៤លើ២៤ម៉ោង ដើម្បីទទួលនូវព័ត៌មាន និងដោះស្រាយរាល់បញ្ហាដែលកើតឡើងជាយថាហេតុ។

ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធដែលត្រូវបង្ការ និងទប់ស្កាត់ចំពោះបទល្មើសផ្សេងៗនៅពេលដែលប្រជាពលរដ្ឋចេញទៅកំសាន្តនៅតាមបណ្តាខេត្តក៏ដូចជារមណីដ្ឋាន នគរបាលនៅតាមូលដ្ឋានទាំងអស់ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ចោរកម្ម ក៏ដូចជាករណីលួច ឆក់ប្លន់នៅតាមដងផ្លូវ ករណីគាស់ផ្ទះ ត្រូវប្រចាំការនៅកន្លែងដោយមានការបែងចែកវេនផ្លាស់ប្តូរគ្នា។
ទន្ទឹមគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់ថវិកាដល់អង្គភាពទាំង ៣ ដោយក្នុង ១អង្គភាព ៥លានរៀល និងមន្រ្តីក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងបានជូនពរដល់កងកម្លាំងនគរបាលជាតិទាំងអស់ សូមមានសុខភាពល្អ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច ពិសេសសូមប្រកាន់ភ្ជាប់ឲ្យបាននូវវិន័យកងកម្លាំង ដើម្បីជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំកសាងក្នុងរយៈពេលដ៏យូរមកហើយ និងសូមបន្តឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីលើកមុខមាត់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋានគរបាលជាតិ៕




